៣ប្រកួត ក្រុម​របស់ ធារី ចន្ថាប៊ីន ធ្វើ​បាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​ក្រុម​របស់​កីឡាករ​ខ្មែរ

  • 2018-02-12 02:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​លីគ​កំពូល​ម៉ាឡេស៊ី ដំណើរការ​បាន ចំនួន ៣​ប្រកួត​ហើយ ដោយ​ក្នុង​នោះ គេ​សង្កេត​ឃើញ ក្នុង​ចំណោម​ក្រុម​ទាំង​៤ របស់​កីឡាករ​កម្ពុជា ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​ទី​នោះ គឺ​ក្រុម​របស់ ធារី ចន្ថាប៊ីន ធ្វើ​បាន​ល្អ​ជាងគេ ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ ខណៈ​ក្រុម​របស់ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង សុទ្ធតែ​ធ្លាប់​ទទួល​បរាជ័យ។

(រូបភាព៖ Terengganu's FB Page)
កាលពី​សប្ដាហ៍​ទី៣ កន្លង​ទៅ ក្រុម Terengganu FC របស់ ធារី ទើបតែ​ស្វែង​រក​ជ័យជម្នះ​លើក​ដំបូង​របស់​ខ្លួន ដោយ​យក​ឈ្នះ​ក្រុម Selangor ដោយ​លទ្ធផល ៤-១ បន្ទាប់​ស្មើ ២​ប្រកួត​កន្លង​ទៅ។ ចំណែក ក្រុម Pahang របស់ ចាន់ វឌ្ឍនាកា ចាប់ផ្ដើម​ធ្វើ​បាន​ល្អ​វិញ​ក្នុង​ការ​ប្រកួត​ទី៣ ដោយ​បំបាក់​ក្រុម Kelantan ៣-០ ក្រោយ​ស្មើ​នៅ​សប្ដាហ៍​ដំបូង និង ចាញ់​នៅ​សប្ដាហ៍​បន្ទាប់។
(រូបភាព៖ Pahang's FB Page)

ដោយឡែក ក្រុម Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម និង PKNP FC របស់ កែវ សុខផេង សុទ្ធតែ​ចាញ់ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ធ្វើឲ្យ​ក្រុម​ទាំងពីរ ទើបតែ​មាន ៣​ពិន្ទុ​ប៉ុណ្ណោះ។ ក្នុង​នោះ Negeri Sembilan បាន​ប្រកួត​ចាញ់ Malacca United ដោយ​លទ្ធផល ៣-០ ស្រប​ពេល PKNP ចាញ់ Kedah ០-១។

(រូបភាព៖ PNKP's FB Page)

សូម​បញ្ជាក់​ថា កីឡាករ​កម្ពុជា​ទាំងអស់ សុទ្ធតែ​បាន​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​របស់​ក្រុម​នីមួយៗ។ Terengganu កំពុង​ឈរ​លេខ​៥ មាន ៥​ពិន្ទុ លើ Pahang ចំនួន ១​ពិន្ទុ ដោយ​កំពុង​ឈរ​នៅ​លេខ​៦។ រីឯ Negeri Sembilan ស្ថិត​នៅ​លេខ​៩ លើ PNKP ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​កាត់​ចោល ចំនួន ២ចំណាត់ថ្នាក់​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;