តារា​បាល់ទាត់​ល្បី Ryan Giggs នឹង​មក​ដល់​កម្ពុជា ក្នុង​គោលបំណង​មួយ

  • 2018-03-06 06:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​កីឡាករ​លំដាប់​ពិភពលោក Ryan Giggs ​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ​វេលា​ម៉ោង​៨:៤៥​នាទី​យប់​តាម​ច្រក​ទ្វា​ VIP​ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

ទន្ទឹម​នឹង​ការ​មក​ដល់​នេះ​ដែរ ​ខាង​ក្រុមហ៊ុន ​Tiger ​បាន​រៀប​ចំ​ជ្រើសរើស​អ្នក​គាំទ្រ​ពិសេស​ចំនួន ​៥០​នាក់​ដើម្បី​រង់ចាំ​ទទួល​ដំណើរ​មក​ដល់​របស់​វិរបុរស​ក្រុម​បិសាច​ក្រហម​ម្នាក់​នេះ។ ក្នុង​ដំណើរ​មក​កម្ពុជា​នេះ​ដែរ Giggs ​នឹង​ស្នាក់​នៅ​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​១១ ​ខែ​មីនា ​ឆ្នាំ​២០១៨ ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ។ បុរស​ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​នៅ​ក្រុម Manchester United ​រូប​នេះ ​នឹង​ចូល​រួម​សកម្មភាព​ជា​ច្រើន​អំឡុង​ពេល​នៅ​កម្ពុជា​នេះ ​ហើយ​នឹង​មាន​វត្តមាន​នៅ​ប្រកួត Tiger Street Football Festival 2018 ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។

បុរស​វ័យ ​៤៤​ឆ្នាំ​ដដែល ជា brand ambassador ​របស់​ក្រុមហ៊ុន Tiger ​ហើយ​បច្ចុប្បន្ន​ក្រោយ​ពី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ជាមួយ​ក្រុម​បិសាច​ក្រហម លោក​បាន​កាន់​តំណែង​ជា​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​វែល​។ ក្នុង​អាជីព​ជា​កីឡាករ​ដែល​លេង​ឲ្យ​ Man Utd ​តែ​១​ក្លឹប​គត់​នោះ ​លោក​បង្ហាញ​ខ្លួន​បាន​ ៦៧២​ប្រកួត ​រក​គ្រាប់​បាល់​បាន​១១៤​គ្រាប់ និង​ឈ្នះ​ ៣៤​ពាន​រង្វាន់។

អតីត​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ ​គឺ​ជា​មនុស្ស​សុភាព​បំផុត ពោល​គឺ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ លោក​មិន​ដែល​ស្គាល់​កាត​ក្រហម​ម្ដង​ណា​ឡើយ។ លើស​ពី​នេះ​ទៀត ​Giggs ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​មាន​គេ​គោរព​ស្រលាញ់​ច្រើន​ផងដែរ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;