ក្រសួងមហាផ្ទៃ ​ដាក់​ពាក្យ​បណ្ដឹង​ ប្តឹង​លោក​សម រង្ស៊ី ពីបទ​ក្បត់ជាតិ

  • 2018-03-15 13:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងមហាផ្ទៃ តាមរយៈលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្ម​ឆ្លងដែន បានដាក់ពាក្យបណ្តឹង​ទៅកាន់អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោកសម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ពីបទក្បត់ជាតិ ឃុបឃិត​កាត់ទឹក​ដីឲ្យជន​បរទេស។

ពាក្យបណ្តឹងនេះ បានធ្វើឡើង ក្រោយពីប៉ូលិសក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត និងសិក្សា សន្និដ្ឋាន វាយតម្លៃលើវីដេអូ និងកិច្ចព្រមព្រៀងរវាងលោកសម រង្ស៊ី និងឈ្មោះ កុក ស មេដឹកនាំចលនា​ជនជាតិភាគតិច ម៉ុងតាញ៉ា ដែលគេផ្សព្វផ្សាយ​តាមហ្វេសប៊ុក​ប៉ុន្មានថ្ងៃនេះ។

លោក សម រង្ស៊ី (រូបភាព​ឯកសារ)
ក្នុងលិខិត ដែលចូលដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានលើកឡើងថា៖ “កិច្ចព្រមព្រៀងរវាង​ទណ្ឌិត សម រង្ស៊ី និងឈ្មោះ កុក ស មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ម៉ុងតាញ៉ា) កាលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រទេសហ្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់​ត្រង់មាត្រា៣ ថា ជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) មានសិទ្ធិស្វ័យភាព គឺមាន​សិទ្ធិធ្វើ និងអនុវត្តសេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការ​ផ្ទៃក្នុង និងតំបន់របស់ពួកគេរស់នៅក្នុងប្រទេសកម្ពុជា និងមាត្រា៥ ចែងថា ជនជាតិដើមភាគតិចវៀតណាមម៉ុងតាញ៉ា នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវិតនយោបាយ គឺក្នុងន័យថា បើគាំទ្រគណបក្សសង្គ្រោះជាតិ។ ម្យ៉ាងវិញទៀត ក្នុងវិដេអូរបស់ទណ្ឌិត សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឲ្យជនជាតិវៀតណាមភាគតិច ម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព”។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី សង្កត់​ធ្ងន់​ថា “វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខាប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស​នូវដែនដីរបស់ទណ្ឌិតសម រង្ស៊ី គឺជាអំពើក្បត់ជាតិ ពិតប្រាកដមែន”។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី១៤ ខែមីនា​ម្សិលមិញ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​ស្ពាន​​កោះប៉ែន ស្ថិតនៅ​ក្នុង​ភូមិ​កំពង់ត្រុំ ឃុំកោះមិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សហការ​គ្នា​ស្រាវជ្រាវ​រឿង​អ្នក​​សន្យា​កាត់​ដី​ចំនួន ៤ខេត្ត ឲ្យ​ទៅ​បររទេស។

ចំណែក​ឯ​ លោក​ សម រង្ស៊ី ធ្លាប់​បាន​​​បដិសេធ​តាម​រយៈ​អ៊ីម៊ែល​​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​វៀតណាម​ឡើយ។ លោក​បញ្ជាក់ថា ឯកសារដែល​លោក​ចុះ​ហត្ថលេខា​ជាមួយលោក កុក ស (Kok Ksor) មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា ​នៅ​ឆ្នាំ​២០១៣​នោះ គឺ​មាន​ខ្លឹមសារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;