សិល្បករ៧រូប ដែលជាម្ចាស់ស្នាដៃ៧យ៉ាងនៅស្ថានទូតបារាំង ជានរណា?
- 2018-03-17 06:16:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករ៧រូប ដែលជាម្ចាស់ស្នាដៃ៧យ៉ាងនៅស្ថានទូតបារាំង ជានរណា?
ចន្លោះមិនឃើញ
នៅចុងសប្ដាហ៍ទី៣ ត្រូវនឹងថ្ងៃទី ២៤-២៥ ខែមីនានេះ ស្ថានទូតបារាំងនឹងរៀបចំដាក់តាំងបង្ហាញស្នាដៃរបស់សិល្បករសហសម័យកម្ពុជាចំនួន៧រូបដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈទាំងក្នុង និងក្រៅប្រទេស។
សិល្បករផ្នែកសហសម័យទាំង ៧នាក់ដែលនឹងចូលរួម និងយកស្នាដៃរបស់ខ្លួនមកដាក់តាំងបង្ហាញនៅក្នុងឧទ្យានស្ថានទូតបារាំងដែលមានផ្ទៃដី៤,៥ហិកតានៅសប្តាហ៍ក្រោយរួមមាន៖
១.ថាំង សុធា
លោកកើតឆ្នាំ១៩៨៣ នៅខេត្តកំពង់ចាម ជាសិល្បករដែលសិក្សាស្វែងយល់ផ្នែកសិល្បៈដោយខ្លួនឯង។ លោកបានចាប់ផ្ដើមការងារសិល្បៈក្នុងឆ្នាំ២០០៩ ហើយស្នាដៃរបស់លោក ច្រើនតែរូបសិល្បៈបែបដំឡើងដែលផ្សារភ្ជាប់ជាមួយជំនាញដែលមានសញ្ញាប័ត្រស្ថាបត្យកម្ម និងនគរូបនីយកម្ម។ ស្នាដៃរបស់លោកត្រូវ បានដាក់តាំងនៅកម្ពុជា និងបរទេស។
២. ភើ សុផន
លោកជាសិល្បករមួយរូបដែលចូលចិត្តដំឡើងវត្ថុសិល្បៈ បង្ហាញពីការចូលរួមការពារបរិស្ថាន។ ស្នាដៃដែលត្រូវយកមកបង្ហាញមានឈ្មោះថា "កំណប់" ស្នាដៃសិល្បៈនេះត្រូវបានសិល្បកររូបនេះយកដបទឹកសុទ្ធរហូតដល់ ៣ ២២០ដប យកមកកាត់បិទជាមួយកាវជាង១ពាន់ដើម ដោយចំណាយពេលផលិតអស់រយៈពេល ៣ខែ។
៣. ឯម រៀម
លោកជាសិល្បករសហសម័យមួយរួបដែលមានស្នាដៃជាច្រើនត្រូវបានយកទៅដាក់តាំងបង្ហាញទាំងក្នុងស្រុក និងបរទេស។ ស្នាដៃរបស់សិល្បករ និងជាបណ្ឌិតច្នៃម៉ូដ ដែលត្រូវយកមកដាក់តាំងបង្ហាញ គឺស្នាដៃសិល្បៈមួយដែលធ្វើពីវល្លិ៍ផ្ដៅដែលចំណាយពេលដំឡើងរយៈពេល១ខែ។
៤. អ៊ូ វណ្ណឌី
លោកជាសិល្បករមួយរូបដែលទើបតែបង្ហាញស្នាដៃរបស់ខ្លួនក្នុងពិព័រណ៍បែបសិល្បៈលើកដំបូង។ ស្នាដៃសិល្បៈរបស់ លោក អ៊ូ វណ្ណឌី ភាគច្រើនគឺដំឡើងពីគ្រឿងសព្វាវុធ និងគ្រឿងម៉ូតូចាស់ៗដែលគេលែងប្រើប្រាស់។ ស្នាដៃរបស់សិល្បកររូបនេះយកមកដាក់តាំងបង្ហាញមាន រូបគោព្រៃ និងរូបបក្សីចម្លែក ធ្វើពីគ្រឿងកាំភ្លើង និងគ្រឿងម៉ូតូចាស់ៗដែលគេលែងប្រើប្រាស់។
៥. តោ វុដ្ធា
លោកជាសិល្បករដែលធំធាត់នៅជំរំភៀសខ្លួនក្បែរព្រំដែនថៃក្នុងទសវត្សរ៍ ៨០។ ចាប់ផ្ដើមគិត ស្រលាញ់សិល្បៈ រៀនគូសរូប គូសរូបដោយប្រើថ្នាំ គឺកើតចេញពីធ្វើដើម្បីបំបាត់អផ្សុក។ លោក តោ វុដ្ធា មានជំនាញសិល្បៈនេះច្បាស់លាស់ក្រោយពីបានរៀននៅអង្គការហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង។ ស្នាដៃដែលយកមកបង្ហាញគឺ និយាយពី "ស្ថានភាពមនុស្ស និងប្រវត្តិរូបខ្លួនឯង" ។ ស្នាដៃរបស់លោកក៏ត្រូវបានយកទៅតាំងបង្ហាញទាំងក្នុង និងក្រៅស្រុក។
៦. សុវណ្ណ ភីឡុង
លោកគឺជាសិល្បករផ្នែករូបថតមួយរូបដែលល្បីឈ្មោះទាំងក្នុងឆាកជាតិ និងអន្តរជាតិ។ ស្នាដៃរូបថតសិល្បៈរបស់ សុវណ្ណ ភីឡុង ដែលបានយកមកដាក់តាំងគឺ និយាយពី “ ទីក្រុងនាពេលរាត្រី “ ។ សិល្បករវ័យក្មេងរូបនេះគឺជាសិល្បករខ្មែរមួយរូបដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកសិល្បៈនៅប្រទេសបារាំងផងដែរ។
៧. នូ សារី
លោកកើតនៅឆ្នាំ១៩៧១ នៅខេត្តកណ្ដាល។ ទទួលសញ្ញាប័ត្រផ្នែកសិល្បៈនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅឆ្នាំ២០០០ ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសិល្បៈសូន្យរូបពីប្រទេសបារាំងឆ្នាំ២០១៦។ ស្នាដៃរបស់សិល្បករពហុជំនាញរូបនេះគឺផ្ដោតលើប្រធានបទដែលឆ្លុះបញ្ចាំងនូវសោកនាដកម្មអតីតកាល ការអបអរ សេចក្ដីសង្ឃឹម និងការជក់ចិត្តនឹងធម្មជាតិ។
ការតាំងបង្ហាញនៅស្ថានទូតបារាំង គឺនៅថ្ងៃ ២៤ – ២៥ ខែមីនា ឆ្នាំ២០១៨ ដែលពេលព្រឹក ម៉ោង៨ ដល់ ម៉ោង ១២ និងពេលរសៀលចាប់ពីម៉ោង ៣ រហូតដល់ម៉ោង៦ល្ងាច៕