រែក​បន្លែ​លក់​ជិត​ ២៧ឆ្នាំ​ គ្មាន​អ្វី​សល់ ក្រៅ​ពីរួច​​បាយ​ ៣ពេល

  • 2018-03-23 03:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាក់​អាវ​កញ្ចាស់​រហែក​ ទឹក​មុខ​ស្ងួត​ ដំណើរ​ដូច​តា​ចាស់​រេ​ពេញ​ផ្លូវ​ ដោយ​មាន​អម្រែក​បន្លែ​ទម្រន់​ជិត​៥០​គីឡូ​ក្រាម​នៅ​លើ​ស្មា ត្រាច់ចរ​ពេញ​ក្រុង​ភ្នំពេញ​​ នេះ​ជា​សកម្មភាព​រែក​​បន្លែ​លក់​របស់​អតីត​ទាហាន​​​វ័យ​៥០​ឆ្នាំ​ប្លាយ​ម្នាក់​ មក​ពី​ខេត្ត​កណ្ដាល​​​​។

លោក អៀម ថៃ​ អាយុ​៥៨​ឆ្នាំ​ ជា​អតីត​ទាហាន​ចន្លោះ​ឆ្នាំ​១៩៨០​-១៩៩០ នៅ​ខេត្ត​កណ្ដាល។ រាល់​ថ្ងៃ លោក​ដើរ​រែក​បន្លែ​លក់​តាំង​ពី​ម៉ោង​៥ព្រឹក​រហូត​ដល់​ម៉ោង​ ៩​យប់​។ ​ក្នុង​​មួយ​ថ្ងៃ​លោក​យក​បន្លែ​ពី​ម៉ូយ​ពី​៤០ ទៅ​ ៥០​គីឡូក្រាម តែ​​ភាគច្រើន​ លោក​លក់​បានតែ​​ពី​​២០​ ទៅ​២៥​គីឡូ​ក្រាម​​ប៉ុណ្ណោះ។ បើ​ថ្ងៃ​លក់​ដាច់​អស់​ ផាត់​បាយ​ទឹក​អស់​សល់​ពី​២ទៅ​៣​ម៉ឺន តែ​បើ​លក់​មិន​ដាច់​វិញ​ ខាត​ចុង​ខាត​ដើម​ដឹង​តែ​ដាច់​បាយ​ហើយ​។​​

លោក​បន្ត​ថា​ " របរ​រែក​បន្លែ​លក់​ដើរ​ពេញ​ក្រុង​នេះ​ ខ្ញុំ​មិន​មែន​ទើប​តែ​រក​ឥឡូវ​ទេ ខ្ញុំ​​រក​តាំង​ពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ខែ​បន្លែ​លក់​បន្លែ​ ខែ​ផ្លែឈើ​លក់​ផ្លែ​ឈើ​ លក់​អត់​ដាច់​ អស់​ដើម រត់​ទៅ​ធ្វើ​ជាង​សំណង់​ និយាយ​ទៅ​ឆ្លាស់​គ្នា​រហូត​​"។

​ក្រៅ​ពី​របរ​រែក​បន្លែ​នេះ​​ លោក អៀម ថៃ​ ក៏​ជា​អ្នក​លេង​ហ្គីតា​ក្នុង​ពិធី​មង្គល​ការ​របស់​ក្រុម​តន្ត្រី​មួយ​ក្រុម​នៅ​ជិត​ផ្ទះ​ ក្នុង​មួយ​ខែ​បាន​២ ទៅ​៣ រោង​ កម្រៃ​បាន​ពី​លេង​ភ្លេង​នេះ​បាន​៦ ទៅ ៨ម៉ឺន​រៀល​ក្នុង​មួយ​កម្មវិធី៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;