លម្អិត​ពី​ផ្ទះ​តាម៉ុក និង​រឿង​អាថ៌កំបាំង​មួយ​ចំនួន

  • 2018-03-31 03:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ទះ​តាម៉ុក​ សាង​សង់​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​១៩៩៣​ លើ​ផ្ទៃ​ដី​ ១,៦១ ​ហិកតា​ ដែល​មាន​ចម្ងាយ​២​គីឡូ​ម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​អន្លង់វែង​ និង​បត់​ស្តាំ​ពី​ផ្លូវ​ជាតិ​ប្រហែល​៥០០ម៉ែត្រ។ ផ្ទះ​តាម៉ុក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង​នេះ​មាន​៤​៖

ទិដ្ឋភាពផ្ទះតាម៉ុកមើលពីលើអាកាស (រូបថត៖ DC-Cam)
ផ្ទះ​ទី១​៖ ធ្វើ​អំពី​ឈើ ប្រក់​ហ្វ្រីប្រូស៊ីម៉ង់ត៍ និង​ក្រាល​បេតុង ​ផ្ទះ​នេះ​ជាស្នាក់​ការ​របស់​តាម៉ុក​​​​សម្រាប់​មើល​កម្មករ​ជីក​ដី​សាងសង់​ទំនប់​អូជីក និង​ជា​ចំណត​ឡាន។
ផ្ទះទី១របស់តាម៉ុក

ផ្ទះ​ទី២​៖ ផ្ទះ​ទី​២​នេះ​កសាង​ក្នុង​ឆ្នាំ​១៩៩៤​ ហើយ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៦​។ ផ្ទះ​នេះ​មាន​៣​ជាន់៖ ជាន់​លើ​ ជា​កន្លែង​ស្នាក់​នៅ​របស់​តាម៉ុក​ ជាន់​កណ្ដាល​ជា​កន្លែង​ទទួល​ភ្ញៀវ​​ និង​ជាន់​ក្រោម​ជា​បន្ទប់​សម្ងាត់​របស់​តាម៉ុក។

ផ្ទះទី២របស់តាម៉ុក

ផ្ទះ​ទី​៣​៖ ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​របស់​ក្រុម​គ្រួសារ​ និង​ភ្ញៀវ​របស់​តាម៉ុក​ពេល​មក​លេង ហើយ​ក៏​ជា​កន្លែង​ចែក​អំណោយ​ដល់​ប្រជាជន​នៅ​សម័យ​នោះ​ផងដែរ​។

ផ្ទះទី៣របស់តាម៉ុក

ផ្ទះ​ទី​៤​៖ ផ្ទះ​នេះ​មាន​ ៣​ជាន់​៖ ជាន់​ក្រោម​ជា​លេណដ្ឋាន​ ជាន់​កណ្ដាល​ជា​រោង​​បាយ​របស់​បុគ្គលិក​និង​ចុងភៅ​តាម៉ុក​ និង​ជាន់​លើ​ជា​កន្លែង​ដេក​របស់​ចុងភៅ​។

ផ្ទះទី៤របស់តាម៉ុក

​លោក​ លី​ សុខ​ឃាង​ ជា​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ​ ស្រុក​អន្លង់វែង និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ បាន​លើក​ឡើង​ថា​ ផ្ទះទាំង៤ របស់​តាម៉ុក​មាន​ចំណុច និង​អាថ៌​កំបាំង​ដែល​ភ្ញៀវ​មក​ទស្សនា​មិន​បាន​ដឹង​ និង​ចាប់​អារម្មណ៍​។​ ភ្ញៀវភាគ​ច្រើន​ដែល​បាន​មក​ទស្សនា​ទីនេះ​មិន​បាន​គិត​ថា​ផ្ទះទាំង៤​របស់​តាម៉ុក​មាន​អ្វី​ប្លែក​ និង​អាថ៌កំបាំង​អ្វី​នោះ​ទេ​ ​​ក្រៅ​តែ​ពី​ដឹង​ថា​ នេះ​​ជា​ផ្ទះ​តាម៉ុក​ដែល​ជា​មេ​ដឹក​នាំ​ធំ​មួយ​របស់​ខ្មែរ​ក្រហម​តែប៉ុណ្ណោះ​។

លោកបណ្ឌិត លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រស្រុកអន្លង់វែង

លោក​បន្ត​ថា​ ផ្ទះ​តាម៉ុក​ទាំង​បួន​នេះ​មាន​ភាព​ប្លែក​ និង​អាថ៌កំបាំង​ច្រើន​ដែល​ប្រជាជន​ ពិសេស​ភ្ញៀវ​ទាំងអស់​ដែល​បាន​មក​ទស្សនា​នៅ​ទី​នេះ​មិន​បាន​ដឹង​។ ភាព​ប្លែក​ ​និង​អាថ៌កំបាំង​របស់​ផ្ទះ​តាម៉ុក​មាន​ដូច​ជា៖​

  • ​​ផ្ទះ​ទី​២​ដែល​ផ្ទះ​ស្នាក់​នៅ​​របស់​តាម៉ុក​មាន​​រូប​រាង​ប្លែក​ពី​គេ​​​ ដោយ​ធ្វើ​ពី​ឈើ​លាយ​ស៊ីម៉ងត៍​ក្រាល​បេតុង

  • ​ផ្ទះ​ទី​២នៅ​ជាន់​​លើ និង​ជាន់​កណ្តាល​​​​ ក្រៅ​ពី​បន្ទប់​ដេក​តាម៉ុក​ ​នៅ​ក្នុង​ផ្ទះ​​គ្មាន​ជញ្ជាំង​បិទ​បាំង​ ​

  • ផ្ទះ​ទី២​ សសរ​ផ្ទះ​យក​ដើម​​ឈើ​ទ្រាស​ទាំង​មូល​យក​មក​ធ្វើ​ដោយ​មិន​ឈូស​ និង​កែ​ច្នៃ​ទាំង​អស់​

  • ផ្ទះ​ទី​២​ បង្គន់​បត់​ជើង​ជាន់​ក្រោម​មាន​ទំហំ​ធំ​ជាង​ជិត ​២​ដង​នៃ​បន្ទប់​ដេក

  • ផ្ទះ​ទី​២​ នៅ​ជាន់​ក្រោម​មាន​បន្ទប់​ និង​​ច្រក​ចេញ​ចូល​សម្ងាត់​​មួយ ដែល​មាន​ទំហំ​៤​ម៉ែត្រ​ មិន​មាន​នរណា​ចេញ​ចូល​បាន​ក្រៅ​ពី​តាម៉ុក ឡើយ​។ បន្ទប់​នេះ​ជា​បន្ទប់​សម្ភារៈ​សំខាន់ៗ​មាន​ដូចជា​ រូប​ចម្លាក់ វត្ថុបុរាណ​ ព្រះ​ពុទ្ធរូប​តូច​ធំ​ជា​ច្រើន​អង្គ​ និង​ជាទី​សក្ការបូជា​របស់​តាម៉ុក​​

  • ​​ឈើ​ធ្នឹម​ផ្ទះ ជញ្ជាំង​ផ្ទះ ​ទាំង​៤​ វែង​លយ​ចេញ មាន​ជាប់​ដែក​គោល​ មិន​កាត់​ និង​ដក​ចេញ

  • នៅ​​ពេល​យប់​ក្នុង​បរិវេណ​ផ្ទះ​ទាំង​មូល​​ការពារ​ដោយ​ឆ្កែ​បែក​ហ្សេ​ធំ​ៗ​ជា​ច្រើន​ក្បាល​​​​

​លោក​ លី សុខឃាង​ បាន​បញ្ជាក់​បន្ថែម​ត្រង់​​ឈើ​ធ្នឹម​ផ្ទះ​វែង​លយ​ចេញ​​មិន​ព្រម​កាត់​ និង​ជាប់​ដែក​គោល​មិន​ព្រម​ដក​ចេញ​ថា នេះ​ជា​បញ្ជា​ដាច់​ខាត​របស់​តាម៉ុក​ប្រាប់​ទៅ​ជាង​ធ្វើ​ផ្ទះ​ទាំង​អស់​មិន​ឲ្យ​កាត់ ឬ​ដក​ចេញ។ ចំពោះ​មូល​ហេតុ​ដែល​មិន​ព្រម​ឲ្យ​ជាង​ដក​ដែក​គោល​ និង​កាត់​ឈើ​លយ​តម្រឹម​ឲ្យ​ស្មើ​នោះ​ រហូត​មក​ដល់​ពេល​នេះ​ក៏​មិន​មាន​សាក្សី​ណា​អាច​បញ្ជាក់​ប្រាប់​ថា​មក​ពី​មូល​ហេតុ​អ្វី​ដែរ៕

ទិដ្ឋភាពផ្សេងៗ នៅផ្ទះតាម៉ុក

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;