អាជ្ញាធរ​អប្សរា​ ធ្វើ​កំណាយ​លើ​ទីតាំង​បុរាណ១​ មុន​រៀបចំ​សាងសង់ផ្លូវ​

  • 2018-04-03 08:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា​ និង​អង្គការ​មូលនិធិ​បុរាណ​វិទ្យា​និង​អភិវឌ្ឍន៍ (ADF) បាន​ធ្វើ​កំណាយ​សង្គ្រោះ​លើ​ទីតាំង​បុរាណ​មួយ​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​គូ​លែន។ គម្រោង​កំណាយ​នេះ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ដឹង​ថា​កន្លែង​បុរាណ​ដ្ឋាន​នោះ ​ជា​កន្លែង​អ្វី​តាម​ការ​ប្រទះ​ឃើញ​ថ្ម​បាយ​ក្រៀម​ដែល​ផុស​ឡើង ហើយ​ត្រូវចងក្រង​ទិន្នន័យ​ពី​បុរាណ​ដ្ឋាន​នោះ រក្សា​ទុកជា​ឯកសារ​សម្រាប់​សិក្សា​ទៅ​ថ្ងៃ​ក្រោយ មុន​នឹង​ចាប់​ផ្តើម​សាងសង់​ផ្លូវ​ឆ្លងកាត់​លើ​កន្លែងនោះ។

មុន​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ អ្នក​បុរាណ​វិទ្យា​បាន​ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់​ដល់​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​ឃើញ​មាន​ចំនួន ៤កន្លែង។ ក្នុង​​នោះ ៣​ទីតាំង គេ​អាច​សាងសង់​ផ្លូវ​វាង​បាន លើកលែងតែ​ចំណុច​ដែល​កំពុង​ធ្វើ​កំណាយ​សង្គ្រោះ​នេះ ជា​ទីតាំង​ដែល​មិន​អាច​ធ្វើ​ផ្លូវ​វាង​បាន។ ដូច្នេះ​ហើយ​តាម​ការ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ពី​អ្នក​ជំនាញ​ការ​អាដហុក​ និង​អនុសាសន៍​នៃ​គណៈកម្មការ​អាយស៊ីស៊ី-អង្គរ​ឆ្នាំ​២០១៧ បាន​សម្រេច​ឲ្យ​ធ្វើ​កំណាយ​សង្គ្រោះ​សិន មុន​នឹង​ធ្វើការ​សាងសង់​ផ្លូវ​ថ្មី​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចៀស​នូវ​ផល​ប៉ះពាល់​ឲ្យ​បាន​ជា​អតិបរមា។

ជុំវិញ​ការ​សាងសង់​ផ្លូវ​ខាងលើ លោក ឈាន រដ្ឋា ប្រធាន​ស្តី​ទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​តាំង​ពី​ឆ្នាំ​២០១៦មក​ម្ល៉េះ ហើយ​ទើប​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ដើម​ឆ្នាំ ២០១៨​នេះ។ ចំពោះ​ផ្លូវ​ដែល​កំពុង​ស្ថាបនា​នេះ​ មាន​​ប្រវែង ៣២​គីឡូម៉ែត្រ ទទឹង​៦ម៉ែត្រ ដោយ​គិត​ចាប់​ពី​ជើង​ភ្នំ​ស្រុក​បន្ទាយស្រី មក​ដល់​ទី​ប្រជុំជន​ស្រុក​ស្វាយ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ថវិកា​របស់​មូលនិធិ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​អង្គរ​។ ចំពោះ​ការ​សាងសង់​ផ្លូវ​ទៀត​សោត គឺ​សាងសង់​នៅ​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់ ពោលគឺ​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​លើ​ខ្នង​ភ្នំ​គូលែន ប្រើប្រាស់​តាំង​ពី​យូរយារ​ណាស់​មក​ហើយ៕

ផែនទី បង្ហាញទីតាំងបុរាណ នៅលើខ្នងភ្នំគូលែន

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;