ក្រុមប៉េតង់កម្ពុជា ទទួល​បាន​ប្រាក់​រង្វាន់​ជាង ១២​ម៉ឺន​ដុល្លារ

  • 2018-04-03 09:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កីឡា​ប៉េតង់​នារីកម្ពុជា ទើប​តែ​បាន​ទទួល​ប្រាក់​រង្វាន់​សរុប ៤៩៦​លាន​រៀល ឬ​ប្រមាណ​ជា ១២៤០០០ ដុល្លារ​អាមេរិក បន្ទាប់ពី​ឈ្នះ​បាន​ម្ចាស់​មេដាយ ពី​ការ​ប្រកួត​ប៉េតង់​នារី​ជើងឯក​ពិភពលោក​លើក​ទី​១៦ នៅ​ប្រទេស​ចិន ដែល​ធ្វើឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ។

ពិធី​ប្រគល់​ប្រាក់​រង្វាន់​ ជូនដល់​ក្រុមកីឡាការិនីប៉េតង់កម្ពុជា និងគ្រូបង្វឹក នៅថ្ងៃទី៣មេសាឆ្នាំ២០១៨
ពិធី​ប្រគល់​ប្រាក់​រង្វាន់​នេះ ត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០១៨ ​ក្រោម​អធិបតីភាព​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ទីស្ដីការ​ក្រសួង។

កីឡា​ការិនី កែ ឡេង ដែល​ទទួល​បាន​មេដាយ​មាស ១​គ្រឿង បូក​នឹង​មេដាយ​សំរឹទ្ធ ១​គ្រឿង បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន ១៨៤​លាន​រៀល ឬ​ជាង ៤៦០០០ដុល្លារ ស្រប​ពេល​ដែល​កីឡា​ការិនី ៣រូប​ទៀត គឺ​កីឡា​ការិនី អ៊ុក ស្រីមុំ កីឡា​ការិនី អ៊ុន ស្រីយ៉ា និង​កីឡា​ការិនី ស៊្រាង សុរ៉ាឃីម ទទួល​បាន​ម្នាក់ ៦៤​លាន​រៀល។ ចំណែក លោក​គ្រូ​បង្វឹក សុខម៉ុង ទទួល​បាន ១២០​លាន​រៀល។

វីរ​​កីឡា​ការិនី​កម្ពុជា​​ កែ​ ឡេង​ មកដល់​មាតុភូមិ កាលពី​យប់ថ្ងៃទី​១៣ វិច្ឆិកា ២០១៧

សូម​បញ្ជាក់​ថា មេដាយមាស​របស់​កីឡា​ការិនី កែ ឡេង ឈ្នះ​ពី​ការ​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​មេដាយ​សំរិទ្ធ បាន​មក​ពី​ការ​ប្រកួត​ជា​ក្រុម​ជាមួយ​កីឡាករ​ទាំង​៣រូប​ខាង​លើ។ ក្នុង​ព្រឹត្តិការណ៍​ដដែល កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ចំនួន​ ៨​នាក់ គឺ នារី ៤​នាក់ និង បុរស ៤​នាក់​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;