មេ Facebook រងព្យុះសំនួរជាលើកទី២ នៅក្នុងសភាអាមេរិក
- 2018-04-12 02:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Facebook រងព្យុះសំនួរជាលើកទី២ នៅក្នុងសភាអាមេរិក
ចន្លោះមិនឃើញ
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook កាលពីថ្ងៃទី១០ ខែមេសា ២០១៨ បានរងព្យុះសំនួរម្ដងរួចមកហើយ ពីសមាជិកព្រឹទ្ធសភាអាមេរិក ដោយមានរយៈពេល ៥ម៉ោង។ ចំណែកកាលពីថ្ងៃទី១១ ខែមេសា ២០១៨ ម្សិលមិញ លោកបានរងព្យុះសំនួរជាលើកទី២ ដែលមានសំនួរកាន់ច្រើនជាងមុន និងលំបាកជាងមុន អស់រយៈពេលជិត ១០ម៉ោង ក្នុងសភាជាន់ទាបរបស់សហរដ្ឋអាមេរិក។
តើមេ Facebook បានឆ្លើយបំភ្លឺអ្វីខ្លះ ក្នុងសភាជាន់ទាបរបស់អាមេរិក?
ដូចក្នុងព្រឹទ្ធសភាអាមេរិកដែរ លោក Mark Zuckerberg បានធ្វើការសុំទោសចំពោះការធ្វើឲ្យបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ Facebook រាប់លាននាក់។ ប៉ុន្ដែងាកមកចម្លើយបំភ្លឺរបស់មេ Facebook វិញ គឺមិនទទួលបានការពេញចិត្តពីសមាជិកសភាជាន់ទាបរបស់សហរដ្ឋអាមេរិកនោះទេ។
សំនួរពីតំណាងរាស្ត្ររដ្ឋ New Jersey លោក Frank Pallone ថាតើ Facebook ប្ដេជ្ញាផ្លាស់ប្ដូរការកំណត់របស់ខ្លួន ដើម្បីឲ្យការប្រមូលទិន្នន័យមានកម្រិតទាបជាបំផុតបានទេ? លោក Mark ឆ្លើយថា នេះជាបញ្ហាស្មុគស្មាញ ដែលមិនអាចឆ្លើយត្រឹមពាក្យមួយម៉ាត់បានទេ។ លោក Frank Pallone ថា នេះជាការឆ្លើយតបដែលគួរឲ្យខកចិត្ត។
សំនួរដែលធ្វើឲ្យមេ Facebook កាន់តែតានតឹងជាងនេះទៅទៀត គឺសំនួរពីសមាជិកសភា លោក Kathy Castor ដែលបានសួរថា តើ Facebook ពិតជាបានតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ បន្ទាប់ពីពួកគេចាកចេញពី Facebook? លោក Mark បានសារភាពថា Facebook ពិតជាបានតាមដាន និងប្រមូលទិន្នន័យពីអ្នកប្រើប្រាស់តាំងពីដើមរហូតមក ក្នុងគោលបំណងការពារសន្តិសុខ។
ដោយសារតែសមាជិកគណៈកម្មាធិការសភាអាមេរិក មានរហូតដល់ ៥៥រូប ដូច្នេះម្នាក់មាន ៤នាទីប៉ុណ្ណោះ ដើម្បីសួរទៅមេ Facebook។ ហេតុនេះហើយ ទើបសមាជិកសភាមួយចំនួនបានវាយប្រហារមេ Facebook ចំៗតែម្ដង ដូចជា៖
លោក David Mckinley បាននិយាយថា លោក Mark និង Facebook បានធ្វើឲ្យមនុស្សឈឺចាប់ ដោយការលក់សារធាតុអាភៀនខុសច្បាប់លើ Facebook។
លោក Jan Schakowsky បានវាយប្រហារមេ Facebook ដោយលើយកបញ្ជីដែលមេ Facebook ធ្លាប់ធ្វើការសុំទោសពីមុន ហើយសន្និដ្ឋានថា គោលការណ៍ផ្ទាល់ខ្លួនរបស់លោក Mark គ្មានប្រសិទ្ធភាពនោះទេ៕