អ្នក​ស្រី រស់ សេរី​សុទ្ធា ស្ថិត​ក្នុង​ចំណោម​សិល្ប​ករ​ជាង ៧០០​នាក់ ដែល​ច្រៀង​បទ​ចម្រៀង​ល្បី​មួយ​បទ​នេះ​

  • 2018-04-13 05:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


I can’t stop loving you ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង បទភ្លេង និង​ច្រៀង​ដោយ​ លោក​ Don Gibson។ កាល​ពី​គ្រា​ដំបូង បទ​ចម្រៀង​នេះ ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ឆ្នាំ ១៩៥៧ និង​បាន​ចេញ​លក់​នៅ​ឆ្នាំ ១៩៥៨​។ បទ​ចម្រៀង​នេះ ជា​បទ​ចម្រៀង​ប្រភេទ Country Music ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ស្តាប់​យ៉ាង​ច្រើន​លើស​លប់​នា​សម័យ​នោះ​។

សូម​បញ្ជាក់​ថា Country Music គឺ​ជា​ប្រភេទ​តន្ត្រី​ម្យ៉ាង​របស់​បទ​ភ្លេង​ប្រជា​ប្រិយ​អាមេរិកាំង ដែល​មាន​ដើម​កំណើត​នៅ ភាគ​ខាង​ត្បូង​សហ​រដ្ឋ​អាមេរិក​នៅ​ទសវត្សរ៍​ឆ្នាំ ១៩២០​។

នៅ​ឆ្នាំ ១៩៥៨ ដដែល​បទ​ចម្រៀង "I can’t stop loving you"​ ត្រូវ​បាន​ផលិត​ឡើង​សារ​ថ្មី និង​ត្រូវ​បាន​ច្រៀង​ដោយ​អ្នក​ចម្រៀង​ស្រី​ឈ្មោះ Kitty Wells។ កាល​ណោះ បទ​ចម្រៀង​នេះ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​តារាង U.S. Billboard Hot Country Singles។

៤​ឆ្នាំ​ក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ ១៩៦២ អ្នក​ចម្រៀង​អាម៉េ​រិក័ង​ម្នាក់​ទៀត​ឈ្មោះ Ray Charles បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​សារ​ជា​ថ្មី​ម្តង​ទៀត​។ បទ I can’t stop loving you របស់ Ray Charles បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​តារាង U.S. Billboard Hot 100 តារាង U.S. Billboard R&B single តារាង U.S. Billboard Adult Contemporary តារាង UK Single Chart តារាង Australian Singles Chart និង​ជាប់​ចំណាត់​ថ្នាក់​ លេខ​៤ ក្នុង​តារាង Norwegian Singles Chart។

(នៅក្នុងវីឌីអូនេះ៖ អ្នកចម្រៀង Sam Moore ច្រៀងបទ "I Can't Stop Loving You" នៅក្នុងពិធីមួយក្នុងសេតវិមាន ឆ្នាំ ២០១៦ នៅចំពោះមុខលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង មន្ត្រីអ្នកមុខអ្នកការ)

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ភាព​ល្បី​ល្បាញ​របស់​បទ I can’t stop loving you បាន​រសាត់​មក​ដល់​កម្ពុជា ។ អ្នកស្រី រស់ សេរី​សុទ្ធា​ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ដែល ស្រដៀង​គ្នា​នឹង​បទ I can’t stop loving you ។ បទ​នោះ​មាន​ចំណង​ជើងថា “ខ្ញុំ​ឈប់​ស្រឡាញ់​មិន​បាន​”។

បទ​ចម្រៀង​នេះ​ជា​សមិទ្ធិ​ផល​របស់​ក្រុម​ហ៊ុន​ថាស​ចម្រៀង សាឃូរ៉ា ។ ព័ត៌​មាន​នៅ​លើ​សម្បក​ថាស សរសេរ​ថា បទ​ភ្លេង​និង​ទំនុក​ច្រៀងៈ វ៉ោយ ហូ ប្រគុំ​ដោយៈ​ ក្រុម​តន្ត្រី រស្មី រៀប​ចំ​សាច់​ភ្លេងៈ ហាស់ សាឡន​។

បទ​ចម្រៀង I can’t stop loving you គឺ​ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក។ អ្នក​ចម្រៀង​ស្ទើរ​គ្រប់​ជាតិ​សាសន៍​ជាង​៧០០​នាក់​ បាន​យក​បទ​ចម្រៀង​នេះ​ទៅ​ច្រៀង ចាប់​តាំង​ពី​ពាក់​កណ្តាល​សត​វត្សរ៍​ទី​២០​ រហូត​មក​ដល់​ដើម​សត​វស្សរ៍​ទី​២១​នេះ​៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;