រឿងសំរាម៖ មារយាទមិនសូវបាន ឬការអនុវត្តច្បាប់នៅមានកម្រិត?
- 2018-04-19 10:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំរាម៖ មារយាទមិនសូវបាន ឬការអនុវត្តច្បាប់នៅមានកម្រិត?
ចន្លោះមិនឃើញ
អង្គរសង្ក្រាន្តនៅខេត្តសៀមរាបបញ្ចប់ទៅ ដោយបន្សល់ទុកនូវសំរាមជាច្រើន នៅតាមតំបន់កម្សាន្តនានា ពិសេសប្រាសាទអង្គរវត្ត។
ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ បញ្ចប់ទៅដោយបន្សល់ទុកនូវសំរាមពាសវាល តាមមាត់ទន្លេ។
ការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកបញ្ចប់ទៅ បន្សល់ទុកនូវសំរាម រាត់រាយតាមគន្លៀតកៅអីអង្គុយ ។ល។
តើហេតុអ្វីបានជាពលរដ្ឋខ្មែរមួយចំនួន នៅតែបន្តចោលសំរាមពាសវាលពាសកាល ដោយឥតអៀនខ្មាសយ៉ាងដូច្នេះ?
កំណាព្យមួយឃ្លានៅក្នុងច្បាប់បណ្តាំបិតា បានសរសេរថា “ដឹងឆ្ងើយត្បិតដង កូនសោតរែងឆ្គង ត្បិតតែឪពុក”។ កំណាព្យនេះ បានបង្ហាញថា ការអប់រំនៅក្នុងគ្រួសារគឺជារឿងសំខាន់។ ដូច្នេះមារយាទមិនសូវបាន ទាក់ទងនឹងការចោលសំរាមនេះ គឺបណ្តាលមកពីការមិនទទួលបានការ អប់រំពីឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ក្នុងគ្រួសារ។ បើពុំដូច្នេះទេ គឺមនុស្សចាស់ក្នុងគ្រួសារ តែម្តង ដែលធ្វើជាគំរូអាក្រក់ដល់ក្មេង។
ក្រៅតែពីគ្រួសារដែលជាសង្គមតូច សាលារៀន គឺជាកន្លែងទី២ ដែលត្រូវអប់រំ កុមារ យុវជន និងពលរដ្ឋ ឱ្យបានយល់ដឹងអំពីសំរាមនេះ។ សាលា ត្រូវផ្តល់ឱ្យសិស្សនូវការអនុវត្តជាក់ស្តែង តាំងពីនៅក្នុងថ្នាក់ ក្រៅថ្នាក់ នៅផ្ទះ និងនៅតាមទីសាធារណៈ ជាដើម។ កង្វះការយល់ដឹងអំពីអនាម័យបរិស្ថាន ធ្វើឱ្យសិស្ស មិនយកចិត្តទុកដាក់អំពីការបោះចោលសំរាម និងការគ្រប់គ្រងសំរាម។ សិស្សដែលមានការអប់រំ រមែងមានសេចក្តីអៀនខ្មាស នៅពេលចោលសំរាមពាសវាលពាសកាល។
ប៉ុន្តែតាមពិតទៅ ការបោះចោលសំរាមមិនមែនជាបញ្ហារបស់ប្រជាពលរដ្ឋតែម្នាក់ឯងនោះឡើយ។ វាក៏ជាបញ្ហារបស់អាជ្ញាធរផងដែរ។ ក្រៅតែពីការអប់រំ អាជ្ញាធរគប្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង ទុកដាក់ និងចោលសំរាម។ ជាឧទាហរណ៍ជាក់ស្តែងក្នុងរាជធានី កង្វះធុងសំរាម កង្វះភ្នាក់ងារ ឬតម្លៃសេវាដឹកជញ្ជូនសំរាមខ្ពស់ពេក គឺជាមូលហេតុដែលនាំឱ្យសំរាមក្លាយជាបញ្ហា។
មួយវិញទៀត អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ គប្បីយកចិត្តទុកដាក់ អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងសំរាម ឱ្យមានប្រសិទ្ធភាព ទំាងមធ្យោបាយត្រជាក់ និង មធ្យោបាយក្តៅ ។ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានអនុញ្ញាតឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសថ្នាក់ក្រោមជាតិ បង្កើតកម្មវិធីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យបរិស្ថាន ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការគ្រប់គ្រងសំរាម ជាដើម។ ជាមួយគ្នានេះផងដែរ មន្ត្រីអនុវត្តច្បាប់ត្រូវធ្វើការផាកពិន័យ ជនល្មើសទៅតាមការកំណត់ដែលចែងដោយច្បាប់។
ការចោលសំរាម មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
ជាដំណោះស្រាយ ការលុបបំបាត់ការចោលសំរាមពាសវាលពាសកាល ត្រូវតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវចាប់ផ្តើមពីបុគ្គលម្នាក់ៗ និងពីគ្រួសារតូចទៅ។ ជាគ្នានេះដែរ ការផាកពិន័យ ទៅលើការចោលសំរាមពាសវាលពាសកាល គឺជាមធ្យោបាយមួយដែលត្រូវតែអនុវត្ត ដើម្បីរួមចំណែកផ្លាស់ប្តូរមារយាទមិនសូវល្អរបស់ពលរដ្ឋ បើទោះជាត្រូវប្រើពេលយូរប៉ុណ្ណាក៏ដោយ។
ដូច្នេះ ដល់ពេលហើយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ចាប់ផ្តើមគិតគូរ និងអនុវត្តរឿងតូចតាចមួយនេះ ដើម្បីសង្គមយើង។ អ្នកដែលត្រូវ អនុវត្តមុនគេគឺខ្លួនយើងម្នាក់ៗ។ ប្រសិនបើយើងអាចអនុវត្តបានទាំងអស់គ្នា នោះយើងនឹងអាចលើកកម្ពស់បរិស្ថាន ហើយអាចរួមចំណែកកសាងសោភ័ណភាពរបស់ប្រទេសយើងបានទៀតផង៕