មួយបទនេះ រសាត់មកពីអ៊ីតាលី តាំងពីឆ្នាំ១៨៩៨ ហើយល្បីរហូតបច្ចុប្បន្ន
- 2018-04-20 09:53:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយបទនេះ រសាត់មកពីអ៊ីតាលី តាំងពីឆ្នាំ១៨៩៨ ហើយល្បីរហូតបច្ចុប្បន្ន
ចន្លោះមិនឃើញ
'O Sole Mio ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាបទចម្រៀងរបស់អ៊ីតាលី។ ទំនុកច្រៀង ត្រូវបាននិពន្ធឡើងនៅឆ្នាំ ១៨៩៨ ដោយកវីអ៊ីតាលីឈ្មោះ Giovanni Capurro ឯបទភ្លេងនិពន្ធដោយ លោក Eduardo di Capua និង លោក Alfredo Mazzucchi។ 'O Sole Mio ជាភាសាអ៊ីតាលីភាគខាងត្បូង ដែលមានន័យស្មើនឹងភាសាអ៊ីតាលីធម្មតាថា Il sole Mio ហើយដែលប្រែជាលក្ខណៈអក្សរសិល្ប៍ថា My Sun Shine (ព្រះអាទិត្យរបស់ខ្ញុំ អើយ)។
'O Sole Mio ត្រូវបានអ្នកចម្រៀងអូប៉េរ៉ាល្បីៗជាច្រើននាក់ យកទៅច្រៀងជាបន្តបន្ទាប់។ នៅឆ្នាំ ១៩៨០ អ្នកចម្រៀងអ៊ីតាលីម្នាក់ឈ្មោះ Luciano Pavarotti បានឈ្នះពានរង្វាន់ Grammy Award សម្រាប់ការសម្តែង និង ច្រៀងបទចម្រៀង 'O Sole Mio នេះ ។
គួរឱ្យកត់សម្គាល់ បើទោះបីជាក្រោយមក បទចម្រៀងនេះត្រូវបានច្រៀង ជាច្រើនភាសាក៏ដោយ ក៏ពាក្យថា 'O Sole Mio ត្រូវបានគេរក្សាទុកដដែលដែរ។
សូមអញ្ជើញទស្សនាការសម្តែងរបស់លោក Luciano Pavarotti:
នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ក្នុងពេលបោះទីតាំងនៅអាល្លឺម៉ង់ខាងលិចជាមួយទាហានអាម៉េរិក័ង តារាចម្រៀង Elvis Presley ដែលកាលណោះចូលបម្រើជាកងទ័ព បានស្តាប់បទចម្រៀងដែលមានលំនាំដូចបទ 'O Sole Mio នេះ ជាភាសាអង់គ្លេស។ បទនោះមានចំណងជើងថា "There's No Tomorrow" ច្រៀងដោយអ្នកចម្រៀង Tony Martin កាលពីឆ្នាំ១៩៤៩។
ក្រោយពេលរំសាយពីកងទ័ព Elvis Presley បានស្នើឱ្យគេសរសេទំនុកចម្រៀងថ្មីជាពិសេសសម្រាប់គាត់។ អ្នកនិពន្ធទំនុក២នាក់ ដែលគេជ្រើសរើសបានគឺ លោក Aaron Schroeder និង លោក Wally Gold បានប្រើពេលតែកន្លះម៉ោងប៉ុណ្ណោះ ដើម្បីសរសេរទំនុក។ បទចម្រៀងថ្មីនោះ មានចំណងជើងថា "It's Now or Never" ។
"It's Now or Never" ថតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ ១៩៦០ នៅស្ទូឌីយោ RCA ហើយចេញលក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំដដែល។ បទចម្រៀងដែលប្រើពេលនិពន្ធតែ ២០នាទី ទៅកន្លះម៉ោងនេះ បានល្បីល្បាញ ហើយលក់ដាច់ជាង ២០លានថាស និងក្លាយជាបទចម្រៀងដែលលក់ដាច់បំផុតរបស់ Elvis Presley ។
នៅទសវត្សរ៍ឆ្នាំ ១៩៧០ បទចម្រៀងនេះ បានរសាត់មកដល់កម្ពុជា។ តាមរយៈទំនុកច្រៀងជាភាសាខ្មែររបស់អ្នកនិពន្ធ អ៊ឹង កិរិយា ហៅមុំ ផលិតកម្មថាសចម្រៀងសញ្ញាភួងម្លិះ បានប្រគល់នាទីទៅឱ្យលោក ស៊ីន សាមុត ជាអ្នកបង្ហើរសំឡេង និង មានលោក ហាស់ សាឡន ជាអ្នកដឹកនាំវង់ភ្លេង។ បទចម្រៀងជាភាសាខ្មែរនេះ មានចំណងជើងថា "ស្នេហាបងអើយ"៕