គំនូរ​រូប​មេដឹកនាំកម្ពុជា​មួយ​ផ្ទាំង បង្កប់អត្ថន័យ​​​ជ្រៅ​មិននឹក​ស្មាន​ដល់

  • 2018-05-01 05:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នាដៃសិល្បៈគំនូរ​សហសម័យ​របស់​សិល្បករខ្មែរ​ លោក លាង ស៊ីកន ត្រូវបាន​ដាក់តាំង​បង្ហាញ​ទោល​​ជាលើក​ដំបូងនៅ​កម្ពុជាក្រោយ​អាក់ខាន​អស់​ពេល​​ជិត១ទសវត្ស។

បន្ទប់ស្នាក់នៅរបស់សិល្បករ លាង ស៊ីកន និងផ្ទាំងគំនូរតូចធំ ១៨ផ្ទាំង ត្រូវបាន​យក​មក​តាំងបង្ហាញចូលមើលសេរីនៅវិចិត្រសាល​វិទ្យាស្ថានភាសាបារាំង រយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៧ មេសា តទៅ។

ក្នុងស្នាដៃទាំង១៨ផ្ទាំង មានផ្ទាំងគំនូរមួយដែលបង្ហាញពីសម័យកាល ២រួមបញ្ចូលគ្នា។ ក្នុងផ្ទាំងគំនូរបែបសហសម័យនោះ មានរូបប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ពាក់អាវធំក្រវាត់ក ពាក់វ៉ែនតា និងខាងឆ្វេងមានរូបអវតារឆ្លាក់ចេញពីស្បែក មានពាក់គ្រឿងអលង្ការសម័យអង្គរ ដោយមានដាប់សញ្ញា wifi ពេញដងខ្លួន ហើយនៅផ្នែកខាងក្រោយមានរូបអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា។

បើតាមសិល្បករសហសម័យ លោក លាង ស៊ីកន បានបញ្ជាក់ថា រូបគំនូរមួយផ្ទាំងនោះ មានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ លោក​ថា​ រូបនោះមានឈ្មោះថា "ចំណងស្ពានព្រះគន្លងអវតារ wifi" បង្ហាញពីសម័យកាល២រួមបញ្ចូលគ្នា ១គឺសម័យកាលមនុស្សដែលជឿលើអាទិទេព មានព្រះពុទ្ធ និងព្រហ្មញ្ញសាសនាដោយមនុស្សយកទស្សនៈរបស់អាទិទេពមកគោរព និងអនុវត្តតាម និង​១ទៀត គឺសម័យបច្ចេកវិទ្យា​បច្ចុប្បន្ន ដែល​​មនុស្ស​សិក្សាស្រាវជ្រាវ ស្វែងយល់ ទំនាក់ទំនងគ្នាតាមបែបវិទ្យាសាស្ត្រ (ប្រើ wifi)។

លោក លាង ស៊ីកន ឈរ​នៅ​មុខ​ផ្ទាំងគំនូរ​របស់​ខ្លួន

សិល្បករល្បីលើ​ឆាកអន្តរជាតិរូបនេះ បន្តថា ស្នាដៃគំនូរដែលរចនាចេញពីស្បែកគោ សំពត់ និងកំណាត់មួយផ្ទាំងនេះ គឺជាស្នាដៃថ្មីមួយក្នុងចំណោម​ស្នាដៃសិល្បៈដទៃទៀត​ដែលបានដាក់តាំងនៅវិទ្យាស្ថានភាសាបារាំង។ ស្នាដៃនេះផលិតក្នុងឆ្នាំ២០១៨ ដោយប្រើពេលអស់រយៈពេលមួយខែ។

លោក លាង ស៊ីកន ជាសិល្បករសហសម័យដែលមានស្នាដៃសិល្បៈជាច្រើន។ ស្នាដៃរបស់សិល្បកររូបនេះត្រូវបានដាក់តាំងបង្ហាញច្រើនជាង ២០ប្រទេសជុំវិញពិភពលោក ដោយក្នុងនោះមានដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក អូស្ត្រាលី សឹង្ហបុរី ហុងកុង និងចិន​ជាដើម៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;