ចាន់ វឌ្ឍនាកា ខកខាន​ឱកាស​មាស ពេល Pahang យក​ឈ្នះ​ក្រុម​របស់ ធារី ចន្ថាប៊ីន​

  • 2018-05-02 03:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាន់ វឌ្ឍនាកា បាន​ធ្វើឲ្យ​ឱកាស​រក​គ្រាប់​បាល់​ដំបូង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​របស់​ខ្លួន ​រសាត់​ផុត​ទៅ បន្ទាប់ពី​ស៊ុត​ទៅ​ប៉ះ​នឹង​របាទី ក្នុង​ជំនួប​សប្ដាហ៍​ទី​៨ ដែល​ក្លឹប Pahang FA យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Terengganu របស់​កីឡាករ ធារី ចន្ថាប៊ីន ដោយ​លទ្ធផល ៣-១ កាល​ពី​យប់​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៨​។

វឌ្ឍនាកា ខកខានឱកាសមាស ដោយសារទាត់ប៉ះរបាទី ក្នុងជំនួបរវាង Terengganu និង Pahang យប់មិញ (រូបភាពពីវីដេអូ)
ឱកាស​មាស​របស់ វឌ្ឍនាកា បាន​កើតឡើង​ពី​ការ​បញ្ជូន​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ហ្គាំប៊ី ស្រប​ពេល​ដែល​កីឡាករ​រហស្សនាម CV11 មាន​ចេតនា​គ្រាន់តែ​ទប់​ឲ្យ​បាល់​ចូលទី តែ​បាល់​បែរ​ជា​ហោះ​ឡើង​ខ្ពស់​ទៅ​ប៉ះ​នឹង​របា​ទី រួច​ខ្ទាត​មក​ក្រោយ​វិញ។ ភ្លាមៗ​នោះ ខ្សែ​ការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ បាន​ចេញ​មក​តែត​បាល់​ឲ្យ​ទៅ​ឆ្ងាយ​ពី​ក្នុង​ប្រអប់​គ្រោះថ្នាក់។
CV11 និងកីឡាកររបស់ Terengganu (រូបថត៖ Pahang FA)

សូម​បញ្ជាក់​ថា វឌ្ឍនាកា អតីត​កីឡាករ​របស់​ក្លឹប​បឹងកេត មិន​ទាន់​អាច​រក​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​សម្រាប់ Pahang បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​ធ្លាប់​រក​បាន​មួយ​គ្រាប់​ពេល Pahang ប្រកួត​កម្ដៅ​សាច់ដុំ មុន​បើក​រដូវ​កាល​លីគ​កំពូល​ម៉ាឡេស៊ី នា​ពេល​កន្លង​ទៅ។

យប់មិញ Pahang រក​គ្រាប់​បាល់​បាន​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Pattrick Cruz នៅ​នាទី៣៩ និង ៥៣ ក្នុង​នោះ គ្រាប់​បាល់​ទី​២ គឺជា​ការ​រួម​ចំណែក​ពី CV11 ផងដែរ។ ឯគ្រាប់​ទី៣ ជា​ការ​ស៊ុត​របស់​កីឡាករ Faisal Halim នៅ​នាទី​៩០។ ចំណែក​១គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Terengganu កើត​ចេញ​ពី​បាល់​១១ម៉ែត្រ ដោយ​កីឡាករ Lee Tuck នៅ​នាទី​៧២។

គិត​ត្រឹម​សប្ដាហ៍​ទី៨ Pahang ឈរ​នៅ​លេខ​២ ដដែល​ មាន ១៧ពិន្ទុ ក្រោម​ក្លឹប Johor Darul Ta'zim ១ពិន្ទុ ដែល​ត្រូវ​ប្រកួត​សប្ដាហ៍ទី​៨នៅ​ល្ងាច​នេះ។ ចំណែក Terengganu ឈរ​លេខ​៤ មាន ១២​ពិន្ទុ នៅ​ក្នុង​តារា​លីគ​កំពូល​ម៉ាឡេស៊ី​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;