ចាន់ វឌ្ឍនាកា បញ្ចប់ភាពស្ងប់ស្ងាត់របស់ខ្លួន ក្រោយចែកផ្លូវពី Pahang FA
- 2018-05-09 12:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា បញ្ចប់ភាពស្ងប់ស្ងាត់របស់ខ្លួន ក្រោយចែកផ្លូវពី Pahang FA
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាលើកដំបូង ដើម្បីរៀបរាប់ពាក់ព័ន្ធនឹងការចែកផ្លូវពីក្លឹបបាល់ទាត់ម៉ាឡេស៊ី Pahang FA នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ។
វឌ្ឍនាកា បានសរសេរលើទំព័រផ្លូវការរបស់ខ្លួនថា៖ «វាមិនមានអ្វីចម្លែកទេ នៅក្នុងពិភពបាល់ទាត់។ វាតែងតែកើតមានរឿងនេះ តែអ្វីដែលសប្បាយចិត្តគឺខ្ញុំបានបំពេញការងារដែលខ្ញុំត្រូវធ្វើរួចហើយ។ អ្វីដែលត្រូវធ្វើបន្តទៀត គឺមានតែការមិនបោះបង់ប៉ុណ្ណោះ។ ថ្វីបើខ្ញុំនៅទីនេះត្រឹមរយៈពេលប៉ុន្មានខែមែន តែទីនេះពិតណាស់ជាកន្លែងដែលធ្វើឲ្យខ្ញុំស្គាល់បាល់ទាត់បន្ថែមទៀត ជាបទពិសោធថ្មីមួយទៀតសម្រាប់ជីវិត និង វិថីដែលខ្ញុំចង់ដើរ។ ខ្ញុំនឹងដើររហូតមិនឈប់។ ខ្ញុំមិនចុះចាញ់ ព្រោះខ្ញុំចង់ឈ្នះ ខ្ញុំហត់ តែខ្ញុំទ្រាំ»។
CV11 បន្តថា៖ «ជាចុងក្រោយខ្ញុំមានតែពាក្យអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ និង លើកទឹកចិត្តខ្ញុំ និងបារម្ភពីខ្ញុំ។ អរគុណខ្លាំងណាស់»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ Pahang FA បានធ្វើការប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុក ដោយប្រកាសពីការបញ្ចប់កុងត្រារបស់កីឡាករ ចាន់ វឌ្ឍនាកា មុនកាលកំណត់។ ចាន់ វឌ្ឍនាកា បានចុះកុងត្រារយៈពេល១ឆ្នាំ នៅក្លឹប Pahang FA កាលពីខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែការបង្ហាញខ្លួន នារយៈពេលប៉ុន្មានខែដំបូងនៅក្លឹបម៉ាឡេស៊ីមួយនេះ វឌ្ឍនាកា ហាក់មិនសមប្រកបប៉ុន្មាននោះទេ បើធៀបកីឡាករបរទេសផ្សេងទៀត ដែលនៅក្នុងក្រុម៕