អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បង្ហាញ​​ផ្លូវ​ទៅកាន់​​តំបន់​ទេសចរណ៍ រលុះធំ

  • 2018-05-11 06:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កាលពី​ម្សិលមិញ​នេះ បាន​បង្ហាញ​លម្អិត​អំពី​ទីតាំង​ឆ្ពោះ​ទៅកាន់​​ រលុះធំ ដែលជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ប្រកប​ដោយ​ភាព​ទាក់ទាញ តាម​រយៈ​រូបរាង​សណ្ឋាន​ដី​ផ្សេងៗ​យ៉ាង​ល្អឯក រំលេច​ដោយ​ពណ៌​មាស។

តំបន់​ទេសចរណ៍​ធម្មជាតិ រលុះ​ធំ
ដើម្បី​ទៅដល់​ទីនោះ អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ចេញពី​រង្វង់មូល​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័នទី​៧ តាមផ្លូវ​ឆ្ពោះ​ទៅ​អូរស្មាច់ ប្រមាណ​ជា ២៦​គីឡូម៉ែត្រ ទៅដល់​រង្វង់មូល​ផ្អុង បត់ឆ្វេង ហើយ​បន្ត​ដំណើរទៅមុខ​ប្រមាណ​ជា ១៣គីឡូម៉ែត្រ នឹង​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល នៃ​តំបន់​ដ៏មាន​ប្រជាប្រិយភាព​មួយនេះ​ហើយ។ ចំណែក​ផ្លូវ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​សូមមើល​នៅក្នុង​ផែនទី​ខាងក្រោម៖

គួរ​បញ្ជាក់​ថា តំបន់​ទេសចរណ៍​ រលុះ​ធំ លាតសន្ធឹង​លើ​ទីតាំង​ភូមិសាស្រ្ត ដែលមាន​ភូមិ​ពោធិ៍វង្ស ភូមិ​ខ្នាត​ឫស្សី សង្កាត់​បន្សាយរាក និង​ភូមិ​ត្រពាំង​ទូង សង្កាត់​កូនគ្រៀល នៃក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

បើតាម​លោក ស ថាវី អភិបាល​ខេត្ត​ឧត្តរ​មានជ័យ បាន​ថ្លែង​ឱ្យដឹង​កាលពី​ខែ​មេសា ឆ្នាំ​២០១៨​ថា តំបន់​នេះ មាន​ទំហំ​ផ្ទៃ​ដី ២៦០០​ហិចតា ដែល​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ តែ​ក្រោយ​មក​ប្រជា​ពលរដ្ឋ​​បាន​ចូល​កាន់​កាប់​អស់​ជាង​ពាក់​កណ្ដាល​ហើយ។ ប៉ុន្តែ​​លោក​បាន​បញ្ជា​ឲ្យ​មន្ទីរ​ទេសចរណ៍​​ខេត្ត​រក្សា​ទុក​ដី​ជាង ៨០០ហិកតា ដើម្បី​ធ្វើ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ​​ឲ្យ​មក​កម្សាន្ត។

តំបន់​ទេសចរណ៍​ធម្មជាតិ រលុះ​ធំ

ជាមួយគ្នា​នេះ អាជ្ញាធរ​ក៏បាន​ធ្វើការ​ព្រមាន​ផងដែរ​ថា ផ្អែកលើ​សណ្ឋាន​ទី​តាំងដី ដែលមាន​លក្ខណៈ​រលុះ និង​លាយឡំ​ជាមួយ​ដុំគ្រួស​តូចធំ ធ្វើឱ្យ​ការ​ដើរ​កម្សាន្ត​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ងាយនឹង​រអិល​ជាយថាហេតុ ហើយ​កន្លែង​ខ្លះ​ក៏អាច​ផុង​បន្តិចបន្តួច​ផងដែរ ជាពិសេស​នៅ​រដូវវស្សា៕

អត្ថបទទាក់ទង៖ កម្ពុជា​នឹង​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដីដុះ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក

អត្ថបទ៖ សំភី

អត្ថបទថ្មី
;