ត្រឹមតែ​១០ថ្ងៃ ក្រុម​របស់​ធារី ចន្ថាប៊ីន សង​សឹកដោយ​ជោគជ័យ​លើ Pahang ដែល​គ្មាន CV11

  • 2018-05-12 01:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Terengganu របស់​ខ្សែ​បម្រើ​កម្ពុជា ធារី ចន្ថាប៊ីន បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Pahang ដោយ​លទ្ធផល ០-១ កាលពី​យប់មិញ ក្នុង​ជុំ​ទី២ រដូវ​កាល​២០១៨។ ជ័យជម្នះ​នេះ គឺ​បន្ទាប់​ពី Terengganu ទទួល​បរាជ័យ​កាលពី​ជុំ​ទីមួយ ដោយ Pahang ​ក្នុង​លទ្ធផល ៣-១ កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៨​។

លទ្ធផល Pahang ០-១ Terengganu សប្ដាហ៍ទី១០ លីគកំពូលម៉ាឡេស៊ី (រូបភាព៖ Terengganu FC)
ចំពោះ Pahang បាន​ទទួល​បរាជ័យ​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​៣ខែ ស្របពេល​ដែល​ក្លឹប​មិនមាន​វត្តមាន​តារា​បាល់ទាត់​កម្ពុជា ចាន់ វឌ្ឍនាកា ជា​លើក​ដំបូង បន្ទាប់ពី​គ្រូ​បង្វឹក​លោក Dollah Salleh បាន​សម្រេច​ចិត្ត​បញ្ចប់​កុង​ត្រា​របស់​គេ​មុន​កាល​កំណត់​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រកួត​ខាងលើ។ បរាជ័យ​លើក​ចុងក្រោយ​របស់ Pahang កើតឡើង​កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ២០១៨ ដោយ​ក្រុម PKNS FC ក្នុង​លទ្ធផល ១-០ នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ សប្ដាហ៍​ទី២​។
ជម្រើស១១នាក់ដំបូងរបស់ Terengganu កាលពីយប់មិញ ពេលជួប Pahang (រូបថត៖ Terengganu FC)

សូម​បញ្ជាក់​ថា Terengganu ដែល​មាន​វត្តមាន​របស់ ធារី ចន្ថាប៊ីន ជា​ជម្រើស​១១នាក់​ដំបូង​ កាលពី​យប់មិញ បាន​ស៊ុត​បញ្ចូល​ទី១​គ្រាប់ និង​ជា​គ្រាប់​ជ័យជម្នះ​ដោយ​ខ្សែបម្រើ Faiz Nasir នៅ​នាទី​៦២។

គិត​ត្រឹម​សប្ដាហ៍​ទី១០ Terengganu តាម​ពីក្រោយ Pahang ចំនួន ៣​ពិន្ទុ ពោល​គឺ​មាន ១៥ពិន្ទុ ដោយ​ឈរ​លេខ​៤៕

ទស្សនាវីដេអូ ការប្រកួតយប់មិញ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;