ទុរេនកំពង់ចាម ឆ្ងាញ់មិនចាញ់ទុរេនកំពតទេ
- 2018-05-14 05:02:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុរេនកំពង់ចាម ឆ្ងាញ់មិនចាញ់ទុរេនកំពតទេ
ចន្លោះមិនឃើញ
រដូវប្រមូលទុរេនឈានមកដល់ ប្រជាពលរដ្ឋ និងអ្នកដាំដុះដំណាំទុរេនក្នុងខេត្តកំពង់ចាម បានអះអាងថា ទុរេនក្នុងខេត្តរបស់ខ្លួន មានរសជាតិឆ្ងាញ់ មិនចាញ់ទុរេនខេត្តកំពតនោះទេ។
ម្ចាស់ចម្ការទុរេននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកមីង ស៊ី សុខលាង ដែលកំពុងមមាញឹក ប្រមូលផលទុរេនលើដីជាង១០ហិចតា បានឱ្យដឹងថា ទុរេនកំពង់ចាមពិតជាមានរសជាតិឆ្ងាញ់ ដោយសារអ្នកស្រីបានស្រោចទឹកទុរេនជាប្រចាំ ជាពិសេសនៅរដូវប្រាំង និងប្រើតែជីធម្មជាតិប៉ុណ្ណោះ។
មិនខុសពីម្ចាស់ចម្ការទុរេនខាងលើនេះទេ អ្នកស្រី ស្រេង ចិន្ដា ដែលជាអតិថិជនម្នាក់ ក៏បានសរសើរទុរេនខេត្តកំពង់ចាមថា មានរសជាតិឆ្ងាញ់ផ្អែម ឈ្ងុយ និងបែបធម្មជាតិពិតៗផងដែរ។ អ្នកស្រីតែងទិញទុរេនខេត្តកំពង់ចាមយកទៅបរិភោគ និងទិញផ្ញើបងប្អូននៅរាជធានីភ្នំពេញ ព្រោះមានតំលៃសមរម្យ។
លោក គីម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ស្រុកស្ទឹងត្រង់មានផ្ទៃដីណាំទុរេន ចំនួន ១៣៦ហិចតា។ លោកថា ក្នុងខេត្តកំពង់ចាម ទុរេនដែលល្បីថាមានរសជាតិឆ្ញាញ់ជាងគេ គឺទុរេនរបស់អ្នកភូមិបែកអន្លង់ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ព្រោះនៅតំបន់នោះ ជាតំបន់ដីក្រហមដែលមានជីវជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ ហើយជាពិសេសគឺម្ចាស់ចម្ការទុរេនភាគច្រើន ដាំដុះតាមបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាពរបស់បរិភោគនោះទេ៕