កម្ពុជាកំពុងប្រឈមកង្វះដែកថែបសម្រាប់ការផ្គត់ផ្គង់វិស័យសំណង់ក្នុងស្រុក
- 2018-05-16 06:44:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាកំពុងប្រឈមកង្វះដែកថែបសម្រាប់ការផ្គត់ផ្គង់វិស័យសំណង់ក្នុងស្រុក
ចន្លោះមិនឃើញ
ការផ្គត់ផ្គង់ដែកថែបក្នុងប្រទេសកម្ពុជា មានភាពស្តួចស្តើងសម្រាប់បំពេញតម្រូវការវិស័យសំណង់ ក្នុងស្រុក ខណៈដែលវិស័យមួយនេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងកំណើនសេដ្ឋកិច្ចកម្ពុជា។
លោក កាង ឡេង នាយកប្រតិបត្តិ និងអគ្គនាយកក្រុមហ៊ុន ISI Group បានមានប្រសាសន៍ នៅក្នុងវេទិកាស្តីពី “ឧស្សាហកម្មដែកថែប” កាលពីពេលថ្មីៗកន្លងទៅនេះថា ការប្រើប្រាស់ដែកថែប នៅក្នុងប្រទេសកម្ពុជានៅមានកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។
គួរជម្រាបថា វិស័យសំណង់ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ទទួលបានទុនវិនិយោគសរុប ប្រមាណជាង ៦ពាន់លានដុល្លារ ដែលមានកំណើនជាង ២២%។ កំណើននៃវិស័យនេះ ត្រូវបាននាយកប្រតិបត្តិខាងលើ ចាត់ទុកថាជាឱកាសដ៏ល្អសម្រាប់ការវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតដែកថែប និងថែមទាំងជំរុញឲ្យមានការវិនិយោគពីបរទេសបន្ថែមទៀតក្នុងឧស្សាហកម្ម ដែកថែប។
តែយ៉ាងណា ដើមទុន និងវត្ថុធាតុដើម ជាបញ្ហាប្រឈមសម្រាប់វិនិយោគិនក្នុងស្រុកដើម្បីឈានជើងចូលក្នុងឧស្សាហកម្មនេះ។ លោក កាង ឡេង បានមានប្រសាសន៍ថា ការវិនិយោគក្នុងវិស័យនេះ អាចនឹងចំណាយចាប់ពីខ្ទង់លាន រហូតដល់ខ្ទង់ពាន់លានដុល្លារឯណោះ។ លើសពីនេះ វត្ថុធាតុដើមក្នុងស្រុកមានតិចតួចណាស់ដែលត្រូវតែនាំចូលពីប្រទេសក្រៅ។ សម្រាប់ក្រុមហ៊ុនរបស់លោក វត្ថុធាតុដើមគឺត្រូវនាំចូលពីប្រទេសចិន និងវៀតណាម។
កាលពីអំឡុងខែមីនាកន្លងមកនេះ សហរដ្ឋអាមេរិកបានសម្រេចដំឡើងពន្ធលើការនាំចូលដែកថែប ពីប្រទេសចិន ២៥%។ ការដំឡើងពន្ធនេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនៅកម្ពុជា ចាត់ទុកថាជាឱកាសល្អសម្រាប់ការនាំចូលដែកថែបមកផ្គត់ផ្គង់ក្នុងតំបន់អាស៊ី។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ នៅកម្ពុជា ធ្លាប់បានលើកឡើងថា ប្រសិនបើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ចិនទៅ កាន់អាមេរិក មានការធ្លាក់ចុះដោយសារការដំឡើងពន្ធ នោះប្រទេសចិន អាចនឹងបន្ថយតម្លៃនៃការនាំ ចេញទំនិញទាំងនោះមកកាន់តំបន់អាស៊ី ដែលផ្តល់ឱកាសដល់ពួកគេ (ប្រទេសក្នុងតំបន់អាស៊ី) អាចទិញក្នុងតម្លៃទាបជាងមុន៕