OnePlus 6 បង្ហាញខ្លួនជាផ្លូវការហើយ អាចថត 4K កម្រិត 60fps បាន
- 2018-05-17 01:54:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus 6 បង្ហាញខ្លួនជាផ្លូវការហើយ អាចថត 4K កម្រិត 60fps បាន
ចន្លោះមិនឃើញ
ក្រោយការទន្ទឹងរង់ចាំអស់មួយរយៈពេលមក វត្តមាន OnePlus 6 បានលេចចេញជារូបរាងហើយ កាលពីយប់មិញនេះ។ តម្លៃ OnePlus 6 ចែកចេញជា ៣ជម្រើស ដូចជា ៥២៩ដុល្លារ សម្រាប់ RAM 6GB+64GB, ៥៧៩ដុល្លារ សម្រាប់ RAM 8GB+128GB និង ៦២៨ដុល្លារ សម្រាប់ RAM 8GB+256GB។
OnePlus 6 មានអេក្រង់ ៦,២៨អ៊ីញ ប្រភេទ Optic AMOLED មានសមាមាត្រ 19:9 លាតសន្ធឹងបានពេញអេក្រង់ល្អ តែទាស់ត្រង់មានឆកមួយដុំនៅចំកណ្ដាលផ្នែកខាងលើសម្រាប់បំពាក់កាមេរ៉ាស្វែលហ្វី។ កម្រិត Resolution គឺ 1080 x 2280p មានដង់ស៊ីតេ 402ppi។
កាមេរ៉ាក្រោយនៅរក្សាចំនួន២គ្រាប់ដដែលគឺទំហំ 16MP f/1.7 + 20MP f/1.7 អាចថតវីដេអូ 4K ក្នុងកម្រិតល្បឿន 60fps និង 720p ល្បឿន 480fps ជាលក្ខណៈ slow-mo ក្នុងរយៈពេល ៣,៧៥វិនាទី។ ចំណែកឯកាមេរ៉ាមុខវិញទំហំ 16MP f/2.0 អាចថតកម្រិត 1080p និងមានបំពាក់បច្ចេកវិទ្យា AI ទុកសម្រាប់បង្កើតរូបភាព Portrait mode បែប bokeh។ បន្ថែមពីនេះ OnePlus 6 ក៏អាចប្រើកាមេរ៉ាមុខដើម្បីដោះសោទូរសព្ទបានក្នុងរយៈពេលលឿនត្រឹម ០,៤វិនាទី។
លក្ខណៈពិសេសមួយទៀតដែល OnePlus 6 ខុសប្លែកពីជំនាន់មុនៗគឺការបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹកដូចគេដូចឯង។ យ៉ាងណាមិញ កម្រិត IP ការពារទឹករបស់វាមិនទាន់មានការបញ្ជាក់ឲ្យដឹងនោះទេ។
កម្លាំងម៉ាស៊ីន OnePlus 6 ដំណើរការដោយបន្ទះឈីប Snapdragon 845, RAM 6GB និង 8GB រួមទាំងអង្គផ្ទុកទិន្នន័យចាប់ពីទំហំ 64GB ដល់ 256GB ប្រភេទ UFS 2.1។ ទំហំថ្មគឺ 3300mAh អាចសាកបានរហ័សដោយប្រើប្រាស់បច្ចេកវិទ្យា Dash Charge តែគ្មាន Wireless Charging នោះទេ (សាកថ្មឥតប្រើខ្សែ)៕