"វ័យ​ក្មេង ស្នេហ៍​ក្មេង" របស់​លោក​ស៊ីន ស៊ីសាមុត ជា​បទ​ចម្រៀង​ភាព​យន្ត​ដ៏​ល្បី​របស់​អង់​គ្លេស

  • 2018-06-01 04:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាព​យន្ត​អង់​គ្លេស ដែល​ជា​ប្រភព​នៃបទ​ចម្រៀង "វ័យ​ក្មេង ស្នេហ៍​ក្មេង" របស់​លោក​ស៊ីន ស៊ីសាមុត មាន​ចំណង​ជើង​ថា​ "The Young Ones”។ ខ្សែ​ភាព​យន្ត​នេះ​ ចាក់​បញ្ចាំង​នៅ​ទី​ក្រុង​ឡុង​ដ៍ ប្រទេ​ស​អង់​គ្លេស នៅ​ថ្ងៃ​ទី ១៣ ខែធ្នូ ឆ្នាំ ១៩៦១។

រឿង​ដែល​មាន​រយៈ​ពេល ១០៨ នាទី​នេះ និយាយ​អំពី​យុវ​អ្នក​ចម្រៀង​មួយ​ក្រុម ទប់​ទល់​នឹង​មហា​សេដ្ឋី​អចល​ទ្រព្យ​ម្នាក់ ដែល​ចង់​បាន​ក្លឹប​ចម្រៀង​របស់​ពួក​គេ ធ្វើជា​ការិយា​ល័យ​ធ្វើការ​។

ក្រុម​យុវ​អ្នក​ចម្រៀង​ទាំង​នោះ បាន​ព្យាយាម​បង្កើត​កម្ម​វិធី​សម្តែង​ផ្សេងៗ​ដើម្បី​រក​លុយ មក​បង់​ប្រាក់​ឈ្នួល​ជួល​ក្លឹប​។

ដោយ​ពួក​គេ​ទទួល​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពេក ក្រុម​យុវ​អ្នក​ចម្រៀង​ទាំង​នោះបានសម្រេច​ចិត្ត​ចាប់​ជំរិត​មហា​សេដ្ឋី​អចល​ទ្រព្យ​នោះ។ ប៉ុន្តែ ពួក​គេ​មិន​ដឹងទេ​ថា ក្នុង​សមាជិក​របស់​ពួក​គេ មាន​យុវជន​ម្នាក់ឈ្មោះ Nicky (សម្តែងដោយ លោក Cliff Richard  ) ជា​កូន​ប្រុស​របស់​មហា​សេដ្ឋី​នោះ។

ដោយ​មិន​អាច​ទ្រាំ​មើល មិត្ត​ភក្តិ​ធ្វើ​បាប​ឳពុក​ខ្លួន​បាន Nicky បាន​លួច​ដោះ​លែង​ឳពុក​ខ្លួន​ទៅ​វិញ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​មហា​សេដ្ឋី​អចល​ទ្រព្យបាន​ដឹង​ថា​ កូន​ប្រុស​របស់​ខ្លួន ជា​អ្នក​ចម្រៀង​អាថិ៍​កំបាំង​ ដែល​អ្នក​ទីក្រុង​ឡុងដ៍ កោត​សរសើរ​គ្រប់​គ្នា។ គាត់​មាន​មោទកភាព​ ចំពោះ​កូន​ប្រុស​គាត់ ហើយ​បាន​អនុញ្ញាត​ឱ្យ​ក្រុមយុវ​អ្នក​ចម្រៀងបន្តកម្មវិធីសម្តែងរបស់ពួកគេ តទៅទៀត និង បានសន្យាថានឹងកសាង​ក្លឹប​ចម្រៀង​ថ្មីមួយឱ្យ​ពួក​គេ​ផងដែរ​។

នៅ​ចុង​បញ្ចប់​នៃ​សាច់​រឿង លោក​មហា​សេដ្ឋី​អចល​ទ្រព្យ បាន​ឡើង​រាំ និង ច្រៀង​នៅ​លើ​ឆាក​ប្រគុំ​តន្ត្រី ជាមួយ​ក្រុម​យុវ​អ្នក​ចម្រៀង​នោះ យ៉ាង​សប្បាយ​រីក​រាយ​។

នៅ​ក្នុង​ខ្សែ​ភាព​យន្ត​នេះ ក៏​មាន​ចម្រៀង​មួយ​បទ​ ដែល​មាន​ចំណង​ជើង​ថា "The Young Ones” ផង​ដែរ​។ បទ​នេះ​ច្រៀង​ដោយ​តួ​ឯក​ប្រុស​ដែល​ជា​កូន លោក​មហា​សេដ្ឋី​អចល​ទ្រព្យ​គឺលោក Cliff Rechard និពន្ធ​ទំនុក និង បទ​ភ្លេង​ដោយ​ លោក Sid Tepper និង​លោក  Roy C. Bennett។

**សូមអញ្ជើញទស្សនាការសម្តែងរបស់លោក Cliff Rechard នៅក្នុងឱកាសខួបទី៥០នៃក្រុមតន្ត្រី The Shadows នៅទីក្រុងឡុង ឆ្នាំ ២០០៩៖ **

ដោយ​មាន​ការ​កក់​ទុក​ជាមុន​ចំនួន​ជាង ៥សែនថាស បទ​ចម្រៀង "The Young Ones” បាន​ចេញ​លក់​នៅ​ខែ​មករា ឆ្នាំ​ ១៩៦២​។ បទ​ចម្រៀង​នេះ លក់​ដាច់​ជាង ៣​លាន​ថាស​ ទាំង​នៅ​ចក្រ​ភព​អង់​គ្លេស និង នៅ​ទូទាំង​ពិភព​លោក​។

ចាប់​តាំង​ពី​ឆ្នាំ ១៩៦២ រហូត​មក​ដល់​បច្ចុប្បន្ន បទ​ចម្រៀង​ "The Young Ones” របស់ Cliff Rechard ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​សម្បើម​។ អ្នក​ចម្រៀង​នៃ​ប្រទេស​ផ្សេង​ៗ បាន​យក​បទ​ចម្រៀង​នេះ ទៅ​ច្រៀង​ឡើង​វិញ​ និង​ច្រៀង​ជា​ភាសា​ជាតិ​របស់​ខ្លួន មាន​ដូច​ជា៖ ភាសា​ដាណឺ​ម៉ាក ហូឡង់ ហ្វាំង​ឡង់ បារាំង និង អាល្លឺម៉ង់...។ សិល្បករ​ម្នាក់ ក្នុង​ចំណោម​នោះ គឺ លោក ស៊ីន ស៊ី សាមុត ដែល​ច្រៀង​បទ​នេះ​ឡើង​វិញ​ជា​ភាសា​ខ្មែរ មាន​ចំណង​ជើង​ថា"វ័យ​ក្មេង ស្នេហ៍​ក្មេង"

បទ​ចម្រៀង​នេះ ទំនង​ជា​មក​ដល់​ស្រុក​ខ្មែរ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០ វេលា​ដែល​ខ្មែរ​ចាប់​ផ្តើម​និយម​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស។ "វ័យ​ក្មេង ស្នេហ៍​ក្មេង" របស់​លោក ស៊ីន ស៊ីសាមុត ជា​ផលិត​ផល​របស់​ផលិត​កម្ម​ថាស​ចម្រៀង មនោរម្យ៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;