"បងមានថ្មីទៀត" បទចម្រៀងយុវវ័យ សម័យសាធារណរដ្ឋខ្មែរ
- 2018-06-08 07:03:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"បងមានថ្មីទៀត" បទចម្រៀងយុវវ័យ សម័យសាធារណរដ្ឋខ្មែរ
ចន្លោះមិនឃើញ
“បងមានថ្មីទៀត" របស់អ្នកស្រី ពៅ វណ្ណារី ដែលផលិតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ជាបទចម្រៀងដែលទទួលឥទ្ធិពលពីបទចម្រៀងរបស់អាម៉េរិក័ង "You've got a friend”។
"You've got a friend” ជាបទចម្រៀងដ៏ល្បីរបស់អ្នកចម្រៀងអាម៉េរិក័ង២រូបគឺ អ្នកស្រី Carole King និង លោក James Taylor។
បទនេះ និពន្ធទំនុកច្រៀង និង បទភ្លេងដោយ អ្នកចម្រៀង Carole King និង ចេញលក់នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៧១ នៅសហរដ្ឋអាម៉េរិក។ ហើយសិល្បករតំបូងដែលច្រៀងបទនេះឡើងវិញ (cover) គឺលោក James Taylor ដែលបទចម្រៀងរបស់លោក ចេញលក់នៅខែឧសភាឆ្នាំដដែល។
តាមរយៈបទ "You've got a friend” លោក James Taylo បានឈ្នះពានរង្វាន់ Grammy Awards សម្រាប់ Best Pop Vocal Performance ឆ្នាំ ១៩៧១ ។ ឯ អ្នកស្រី Carole King ឈ្នះពានរង្វាន់ Grammy Awards សម្រាប់ Song of the year ឆ្នាំ ១៩៧២។
សូមអញ្ជើញទស្សនាការសម្តែងរួមគ្នារវាងអ្នកស្រី Carole King និង លោក James Taylor នៅឆ្នាំ ២០១០ ក្នុងឱកាសខួបទី៤០ នៃការសម្តែងរួមគ្នារបស់អ្នកទាំង២
"You've got a friend” ជាបទចម្រៀងដែលល្បីទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ ១៩៧១ រហូតដល់ចុងឆ្នាំ ២០១៧ មានសិល្បករប្រមាណជាង ២៥០នាក់ បានច្រៀងបទចម្រៀងនេះឡើងវិញ (Cover)។ ហើយមានសិល្បករជិត២០ប្រទេស បានយកចម្រៀងនេះ ទៅច្រៀងជាភាសាជាតិរបស់ខ្លួន ដែលក្នុងនោះមានដូចជា៖ ភាសាខ្មែរ ភាសាម៉ាឡេស៊ី ភាសាបារាំង ភាសាអង់គ្លេស ភាសាឆែក ភាសាកាត់តាឡាន់ ភាសាដាណឺម៉ាក ភាសាហូឡង់ ភាសាអេស្ប៉ាញ ភាសាអាល្លឺម៉ង់ ភាសាអ៊ីតាលី ភាសារ៉ូម៉ានី ភាសាព័រទុយហ្កាល់... ជាដើម។
ទន្ទឹមនឹងការលេចត្រដែតឡើង នៃបទចម្រៀងប្រភេទ Pop Music និង Rock Music នៅលើពិភពលោក រំហូរបទចម្រៀងភាសាបរទេសប្រភេទនេះ បានហូរចូលកម្ពុជាគួរឱ្យកត់សម្ពាល់ នៅក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០។ "You've got a friend” ដែលជាបទចម្រៀងប្រភេទ Soft Rock បានទាក់ទាញទឹកចិត្តយុវជនខ្មែរសម័យនោះ ពិសេសអ្នកដែលចេះភាសាអង់គ្លេស។
ផលិតកម្មថាសចម្រៀងក្នុងស្រុក បានផលិតបទចម្រៀងនេះ ទៅជាភាសាជាតិ ដោយមានលោក ម៉ក់ ស៊ីវុត្ថា ជាអ្នកនិពន្ធទំនុកច្រៀង អ្នកស្រី ពៅ វណ្ណារី ជាអ្នកចម្រៀង និងប្រគុំបទភ្លេងដោយ ក្រុមតន្ត្រីស៊ីវុត្ថានិងមិត្ត៕
សូមអញ្ជើញទស្សនាចម្រៀងកាយវិការបទ "បងមានថ្មីទៀត" ដែលផលិតថ្មីដោយផលិតកម្ម SR