ក្រសួង​យុត្តិធម៌ បញ្ជា​ឱ្យ​ចាត់​វិធានការ​លើលោក សម រង្ស៊ី ដែលថា​ព្រះ​រាជសារ​ព្រះមហាក្សត្រ ក្លែងក្លាយ

  • 2018-06-11 09:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ​ង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជា​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​។ បញ្ជា​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នេះ បន្ទាប់ពី​លោក សម រង្ស៊ី លើកឡើង​ថា ព្រះរាជសារ​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ជា​ព្រះរាជសារ​ក្លែងក្លាយ ឬក៏​ជា​ព្រះ​សារ​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការ​គំរាម​កំហែង។

លោក អង្ស វង្សវឌ្ឍានា បាន​​ចេញ​បញ្ជា​​នេះ តាំងតែ​ពីថ្ងៃទី៨ ខែមិថុនា ប៉ុន្តែ​ព័ត៌មាន​នេះ​ទើបតែ​ត្រូវ​អ្នកនាំពាក្យ​របស់​លោក​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា​ម្សិលមិញ​នេះ។

រដ្ឋមន្រ្តី​រូបនេះ បាន​ចាត់ទុក​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ពិបាក​នឹង​ទទួលយក។

លោក សម រង្ស៊ី ថ្លែងកាលពីពេលកន្លងមក
ប្រសិនបើ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ទៅតាម​បញ្ជា​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​មែន​នោះ លោក​សម រង្ស៊ី នឹង​អាច​ក្លាយជា​ជន​ទី​៣ ដែល​ទទួលរង​នូវ «​បទ​ប្រមាថ​ព្រះមហាក្សត្រ​»​។

សូម​បញ្ជាក់​ថា ក្រោយពី​កែ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ មាន​មនុស្ស​ចំនួន​២​នាក់​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។

កាលពី​ខែឧសភា​កន្លងទៅ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​នាយក​សាលាបឋមសិក្សា​ម្នាក់ ក្នុង​ខេត្ត​កំពង់ធំ ឈ្មោះ ឃាង ណាវី ក្រោយពី​នាយក​សាលា​រូបនោះ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​សប៊ុក​របស់​លោក ក្នុងន័យ​ចោទប្រកាន់ ព្រះមហាក្សត្រ និង​សមាជិក​រាជវង្ស​ដទៃ​ទៀតថា បាន​ចូលរួម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​មនុស្ស​ទី​២​ដែល​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ គឺ​ជាងកាត់សក់​នៅ​ខេត្ត​សៀមរាប ឈ្មោះ បាន សម្ភី​រ ជា​មន្ត្រី​គណបក្ស​ង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​សៀមរាប​។ លោក​ត្រូវ​ចោទប្រកាន់ ក្រោយពេល​បាន​ចែកចាយ​បន្ត (Share) នូវ​រូបភាព​អង្គ​ព្រះមហាក្សត្រ មាន​បង្កប់ន័យ​រិះគន់​ព្រះមហាក្សត្រ តាមរយៈ​គណនី​ហ្វេ​សប៊ុក។

បើតាម​មាត្រា ៤៣៧ ស្ទួន​ដែល​ទើប​បញ្ចូល​ទៅក្នុង​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​ផងដែរ​៕

ប្រភព៖ Radio Free Asia | Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;