ព័ត៌មានបន្ថែមទាក់ទងការស្លាប់អ្នកម្នាង អ៊ុក ផល្លា និងស្ថានភាពរបួសរបស់សម្ដេចក្រុមព្រះ
- 2018-06-18 06:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានបន្ថែមទាក់ទងការស្លាប់អ្នកម្នាង អ៊ុក ផល្លា និងស្ថានភាពរបួសរបស់សម្ដេចក្រុមព្រះ
ចន្លោះមិនឃើញ
សពអ្នកម្នាងអ៊ុក ផល្លា កំពុងតម្កល់ធ្វើបុណ្យនៅវត្តបទុមវត្តី
សពអ្នកម្នាង អ៊ុក ផល្លា ត្រូវបានបញ្ជូនពីមន្ទីរពេទ្យ យកមកតម្កល់នៅវត្តបទុមវត្តី នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់ខ្លីៗថា សពអ្នកម្នាង គ្រោងនឹងបូជា នៅថ្ងៃទី២០ ខែមិថុនា។
ស្ថានភាពរបួសរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមិថុនា។ លោកយូ ហុកគ្រី បានបញ្ជាក់ថា ស្ថានភាពជំងឺរបស់សម្តេចក្រុមព្រះ គឺធ្ងន់ធ្ងរប៉ះពាល់ដល់ឆ្អឹង ដោយព្រះអង្គបានរបួសបាក់ឆ្អឹងដងកាំបិត ស្រាំឆ្អឹងជំនី និងបាក់ជើងខាងឆ្វេង។
លោក យូ ហុកគ្រី ស្នើឲ្យរាជរដ្ឋាភិបាលស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្ដេចក្រុមព្រះ និងអ្នកម្នាង
លោកយូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានស្នើឲ្យរាជរដ្ឋាភិបាល និងជាពិសេសក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ព្រោះករណីនេះ បានកើតឡើងផ្ទួនៗលើសម្តេចក្រុមព្រះ និងអ្នកម្នាង ពោលគឺចំនួនបីលើកហើយ។ លោកបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា គឺលើកទី១ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម។ លើកទី២ នៅខេត្តកំពត និងលើកទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ។
សូមរំលឹកផងដែរថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ នៅមុនពេលកើតហេតុ ក្បួនរថយន្តសម្តេចក្រុមព្រះ បានធ្វើដំណើរពីខេត្តកំពត ទៅខេត្តព្រះសីហនុ ដោយសម្តេចក្រុមព្រះ ជិះនៅក្នុងរថយន្ត BMW ពណ៌ស ស្លាកលេខរដ្ឋសភា 2-090 និងរថយន្តម្ខាងទៀតដែលបុកទង្គិចជាមួយ គឺម៉ាកហាយឡេនឌ័រ ពណ៌ស ស្លាកលេខ 2-9667 ធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្តដែលបង្កគ្រោះថ្នាក់នោះ គឺជារថយន្តរត់តាក់ស៊ី បានបើកចូលក្បួនរថយន្តសម្តេចក្រុមព្រះ៕