មុនមកដល់លោក ស៊ីន ស៊ីសាមុត បទចម្រៀង “Sealed with a Kiss” ចេញលក់២ដងទើបល្បី
- 2018-06-22 02:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនមកដល់លោក ស៊ីន ស៊ីសាមុត បទចម្រៀង “Sealed with a Kiss” ចេញលក់២ដងទើបល្បី
ចន្លោះមិនឃើញ
“Sealed with a Kiss” ជាបទចម្រៀងប្រភេទ Pop របស់អាម៉េរិក័ង ដែលបានចេញលក់ដំបូងនៅខែឧសភា ឆ្នាំ១៩៦០។ ចម្រៀងមួយបទនេះ និពន្ធឡើងដោយ លោក Peter Udell និងលោក Gary Geld និងច្រៀងដោយ ក្រុមចម្រៀងThe Four Voices។
ជាអកុសល បទចម្រៀងនេះ មិនទទួលបានការគាំទ្រខ្លាំងសោះ ក្នុងអំឡុងឆ្នាំ១៩៦០នោះ។
ប៉ុន្តែ២ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦២ អ្នកចម្រៀងអាម៉េរិក័ងម្នាក់ឈ្នោះ Brian Hyland បានថតបទចម្រៀងនេះឡើងវិញ និងចេញលក់នៅថ្ងៃទី ៦ មិថុនា ឆ្នាំ១៩៦២។
បទចម្រៀងរបស់ Brian Hyland ទទួលបានការគាំទ្រយ៉ាងសម្បើម រហូតជាប់ចំណាត់ថ្នាក់លេខ៣ ទាំងក្នុងតារាង Billboard Hot 100 របស់អាម៉េរិក័ង និង តារាង UK Singles Chart របស់ចក្រភពអង់គ្លេស។ ដើម្បីពង្រីកទីផ្សារ Brian Hyland បានថតបទចម្រៀងនេះជាភាសាអាល្លឺម៉ង់ ដែលមានចំណងជើងថា "Schön war die Zeit” និងបានចេញលក់នៅខែកញ្ញា ឆ្នាំដដែល។
សូមអញ្ជើញទស្សនាការច្រៀងបទ “Sealed with a Kiss” របស់លោក Brian Hyland ៖
“Sealed with a Kiss” ជាបទចម្រៀងដែលល្បីទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ ១៩៦០ មកដល់ឆ្នាំ ២០១៧ មានសិល្បករជាង១០០នាក់ បានយកបទចម្រៀងនេះទៅច្រៀងឡើងវិញ (Cover) ហើយនិងមានសិល្បករជិត១០ប្រទេស បានយកចម្រៀងនេះទៅច្រៀងជាភាសាជាតិរបស់ខ្លួន ដែលក្នុងនោះមានដូចជា៖ ភាសាខ្មែរ ភាសាឆែក ភាសាដាណឺម៉ាក ភាសាហ្វាំងឡង់ ភាសាបារាំង ភាសាអាល្លឺម៉ង់ ភាសាអ៊ីតាលី និងភាសាស៊ុយអ៊ែត ... ជាដើម។ បទចម្រៀងច្រៀងថ្មីទាំងនោះ សុទ្ធតែទទួលបានការគាំទ្រ និង ចំណាត់ថ្នាក់ល្អ ក្នុងប្រទេសនីមួយៗផងដែរ។
សូមអញ្ជើញទស្សនា និងស្តាប់បទ “Derniers baisers” (ការថើបចុងក្រោយ) ច្រៀងដោយអ្នកចម្រៀងបារាំង Laurent Voulzy ដែលបានច្រៀងនៅឆ្នាំ២០០៦៖
>នៅកម្ពុជា បទចម្រៀង “Sealed with a Kiss” ត្រូវបានបំលែងទៅជាបទចម្រៀងថ្មីមួយ ដោយការនិពន្ធទំនុកថ្មីរបស់លោក ស៊ីន ស៊ីសាមុត។ កវីរូបនេះ បានដាក់ចំណងជើងបទចម្រៀងថ្មីរបស់លោកថា "បើនឹងព្រាត់ហើយ"។ "បើនឹងព្រាត់ហើយ" របស់អ្នកចម្រៀងគ្មានគូជែងនៃកម្ពុជា ប្រគុំជាចង្វាក់ Bolero Twist និងថតថាសដោយផលិតកម្មវត្តភ្នំ។ រហូត មកទល់បច្ចុប្បន្ន បទចម្រៀងនេះ នៅតែជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរនៅឡើយ ពិសេសក្នុងចំណោមជនដែលមានវ័យកណ្តាលឡើងទៅ៕