គួច សុកុម្ភៈ ទម្លាយ​មូលហេតុ​ប៉ាក់​ពាក្យ​ថា “U Can Speak” លើ​ស្បែកជើង

  • 2018-07-03 10:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្រុម​ណាហ្គាវើល គួច សុកុម្ភៈ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការ​ប៉ាក់​ពាក្យ​ភាសាអង់គ្លេស​ថា "U Can Speak" នៅ​លើ​ស្បែក​ជើង​ថា គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​បន់ស្រន់​មួយ​ដល់​កូន​ប្រុស​របស់​គាត់ ដែល​មាន​ជំងឺ​លូតលាស់​សតិ​បញ្ញា​យឺត។ នេះ​ជា​ការ​ចុះផ្សាយ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា (CNCC) នៅ​ថ្ងៃទី​៣​កក្កដា។

ស្បែកជើងរបស់ គួច សុកុម្ភៈ មានប៉ាក់ពាក្យជាភាសាអង់គ្លេសថា "U Can Speak" (រូបថត៖ CNCC)
វេបសាយ​របស់​ CNCC បន្ត​ថា អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ពន្យល់​ពី​អក្សរ​មួយ​ឃ្លា​នេះ​ថា៖​ ***«ខ្ញុំ​ប៉ាក់​អក្សរ​នេះ​ ជា​ការ​លើក​ទឹក​ចិត្ត​ និង​ បន់ស្រន់​​​ដល់​កូន​ប្រុស​របស់​ខ្ញុំ​ ដែល​គាត់​មាន​ជំងឺ​អូទីស្សឹម​ ជា​ប្រភេទ​ជំងឺ​​​លូតលាស់​សតិ​បញ្ញា​យឺត​ និង​ខ្សោយ​ទំនាក់ទំនង​ក្នុង​សង្គម​ គឺ​គាត់​អត់​និយាយ​តែ​ម្ដង។​ គាត់​អាយុ​៥​ឆ្នាំ​ហើយ​ តែ​គាត់​​អត់​និយាយ អត់​សូវ​ស្គាល់​អ្វី​ៗ​​ជុំវិញ​ខ្លួន​ បត់​ដៃ​បត់ជើង​អត់​ប្រាប់​ជា​ដើម។​ គ្រូ​ពេទ្យ​ប្រាប់​ដែរ​ថា​ អត់​អាច​ជា​១០០ភាគរយ​វិញ​ទេ​ តែ​អាច​ប្រសើរ​ជាង​មុន​បើ​ធ្វើ​តាម​វិធីសាស្ត្រ​​បង្រៀន​គាត់​ ហើយ​ឃើញ​ថា​ ២ឆ្នាំ​ចុងក្រោយ​នេះ​ គាត់​ស្គាល់​ និង​ ស្ដាប់​បាន​ច្រើន​ដែរ។​ ជា​ឪពុក​ម្នាក់​ ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​បំផុត​ ​តែ​ខ្ញុំ​នៅ​តែ​រំពឹង​ថា​ កូន​ប្រុស​ជាទី​ស្រលាញ់​របស់​ខ្ញុំ​អាច​និយាយ​បាន​ និង​ ​ត្រលប់​ទៅ​សភាព​ដូច​កូន​ក្មេង​ធម្មតា​នៅ​ថ្ងៃ​ណា​មួយ»***។

កីឡាករ​មាន​ប្រភព​ពី​ខេត្ត​កំពង់ធំ​រៀបរាប់​ទៀត​ថា​ ធ្លាប់​យក​កូន​ទៅ​ព្យាបាល​ដល់​ប្រទេស​ថៃ​ តែ​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ផ្ដល់​ដំបូន្មាន​ថា​ ឲ្យ​ធ្វើ​តាម​វិធីសាស្ត្រ​ដែល​ពេទ្យ​នៅ​ស្រុក​ខ្មែរ​បាន​ប្រាប់​ ព្រោះ​ពុំ​មាន​វិធី​អ្វី​ផ្សេង​ក្រៅ​ពីការ​ព្យាយាម​បង្រៀន​កូន​ដោយ​ផ្ទាល់​នោះ​ទេ។​

គួច សុកុម្ភៈ ពេលបង្ហាញក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមជម្រើសជាតិ នាពេលកន្លងទៅ

គួរ​រំឭក​ថា​​ ​គួច​ សុកុម្ភៈ​ បាន​រៀបការ​​កាល​ពី​ឆ្នាំ​២០១២​ ហើយ​អ្នក​ទាំងពីរ​មាន​កូន​ប្រុស​ម្នាក់ ​នៅ​ឆ្នាំ​បន្ទាប់៕​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;