គ.ជ.ប ហាម​គណបក្ស មិនឱ្យ​ប្រៀបធៀប​គោល​នយោបាយ​គ្នា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

  • 2018-07-05 08:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ហាម​ផ្ដាច់​មិន​ឲ្យ​មានការ​ទិតៀន រិះគន់ វាយប្រហារ ឬ​ប្រៀបធៀប​គោលនយោបាយ​បក្ស​របស់​ខ្លួន ទៅ​នឹង​គណបក្ស​នយោបាយ​ណា​ផ្សេងទៀត​ឡើយ។ បម្រាម​នេះ ធ្វើឡើង​ក្រោយពេល​ដែល​ គ.ជ.ប បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ ទៅ​ពន្យល់​អំពី​គោលការណ៍​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា នៅ​ទីស្ដីការ​គ.ជ.ប ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ។

គ.ជ.ប បាន​ប្រាប់​ទៅ​ភាគី​ពាក់ព័ន្ធ​ថា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ គ្រប់​គណបក្ស​នយោបាយ គឺ​អាច​ធ្វើ​ការ​ឃោសនា​បាន​តាមរយៈ​មេក្រូ ធុងបាស សម្រែក​ជ័យ​ឃោស​គ្រប់​បែប​យ៉ាង​តាម​ដង​ផ្លូវ។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ប្រៀបធៀប​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ គឺ​ដូច​ការ​ផ្សាយ​ពាណិជ្ជកម្ម​អ៊‍ី​ចឹង បាន​ត្រឹម​តែ​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​ល្អៗ​របស់​ខ្លួនឯង​តែ​ប៉ុណ្ណោះ។ ទន្ទឹមនឹង​លោក​ក៏​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​គណបក្ស​នយោបាយ​ណាមួយ ប្រព្រឹត្តិ​ខុស​ពី​ការណែនាំ​នេះ គ.ជ.ប​នឹង​ដាក់​ពិន័យ​ដល់​គណបក្ស​នយោបាយ​នោះ។

លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំ១ របស់ គ.ជ.ប នាពេលកន្លងមក
មន្រ្តី គ.ជ.ប រូបនេះ បន្ថែម​ថា​ ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ការ​រិះគន់​ដើម្បី​ស្ថាបនា​បក្ស​ផ្សេង​មិន​មាន​ទោស​ទេ ប៉ុន្តែ​មាន​ច្បាប់ ដាក់​ពិន័យ​គណបក្ស​ណា ដែល​ឃោសនា ដើម្បី​ឆក់​យក​អ្នកគាំទ្រ​របស់​គេ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨​កន្លង​ទៅ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​​ឱ្យ​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់ គោរព​គ្នា​ទៅវិញ​ទៅមក កុំប្រើ​ពាក្យ​អសុរោះ បន្តុះបង្អាប់​គ្នា​ ដោយ​ស្នើ​ឱ្យ​តែ​ឃោសនា​​អំពី​គណបក្ស​របស់​ខ្លួន​ប៉ុណ្ណោះ ក្នុង​អំឡុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​៧ ខែ​កក្កដា​​ខាងមុខ​នេះ​ទៅ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;