៦ខែ​ដើម​ឆ្នាំ ការ​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស ធ្លាក់​ចុះ​ជិត​៦%

  • 2018-07-12 02:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា បង្ហាញ​ថា ​​ការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ​២០១៨ មាន​ការ​ធ្លាក់​ចុះ​ជិត ៦​ភាគ​រយ បើ​ប្រៀបធៀប​​​នឹង​រយៈ​ពេល​ ៦​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន។ បញ្ហា​នេះ គឺ​ដោយសារ​តែ​តម្រូវ​ការ​ក្រៅ​ស្រុក​បាន​ថយ​ចុះ។

របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា បង្ហាញ​ថា​​​ ការ​​នាំ​អង្ករ​ចេញ​រយៈ​ពេល​ ៦ខែ​ដើម​ឆ្នាំ២០១៨ មាន​ចំនួន​ជាង ២៧​ម៉ឺន​តោន (២៧១៥៣៧) តិច​​ជាង​ទិន្នន័យ​នាំ​ចេញ​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០១៧​ ចំនួន​ជាង​ ១៧០០០​តោន។

បុរសម្នាក់កំពុងលីបាវអង្ករ ដាក់លើរថយន្ត
របាយការណ៍​​ដដែល​ឲ្យ​​ដឹ​ង​ដែរ​ថា​​ ក្នុង​ចំណោម​ប្រទេស​ទាំង ៥៦​ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ប្រទេស​ចិន​បាន​កាត់​បន្ថយ​ការ​ទិញ​អង្ករ​ពី​កម្ពុជា​យ៉ាង​ច្រើន គឺ​​កាត់​បន្ថយ​ពី​ជាង ១ម៉ឺន​តោន (១១១៥៦) ក្នុង​ខែ​ឧសភា មក​នៅ​ត្រឹម​ជាង ៥០០​តោន (៥២៥) នៅ​ក្នុង​ខែ​​មិថុនា។ ដោយឡែក​បណ្តា​ប្រទេស​ផ្សេង​ទៀត​ រួមមាន​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ប្រហាក់ប្រហែល។

កាល​ពី​ឆ្នាំ២០១៧ ប្រទេស​កម្ពុជា​បាន​​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​សរុប​ប្រមាណ​ជាង​ ៦៣​ម៉ឺន​តោន (៦៣៥៦៧៩)។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ ៩​ម៉ឺន​តោន (៩៣៥៣៥) បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ​២០១៦​៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;