ក្រុមហ៊ុន​អូស្ត្រាលី ទទួល​បាន​អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ខេត្ត​មណ្ឌលគិរី

  • 2018-07-12 03:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​បាន​​សម្រេច​ផ្តល់អា​ជ្ញា​បណ្ណ​​​​អាជីវ​កម្មរ៉ែ​​​មាស​ ដល់​​ក្រុម​ហ៊ុន​ Emeral Resource របស់​​​​​​អូស្ត្រា​លី ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​នេះ​​ចាប់​ផ្តើម​ទាញ​យក​មាស​ពី​​អណ្តូង​រ៉ែ​អូខ្វាវ​​​​នៅ​​ខេត្ត​មណ្ឌលគិរី​ បន្ទាប់ពី​ការ​សិក្សា​របស់​ក្រុម​ហ៊ុន​បាន​បង្ហាញពី​​លទ្ធ​ផល​វិជ្ជ​មាន។

ក្រុម​ហ៊ុន​ Emeral Resource ដែល​ចុះ​បញ្ជី​​ក្នុង​ផ្សារ​ភាគ​ហ៊ុន​អូ​ស្រ្តាលី​ បាន​ចេញ​ផ្សាយ​សេច​ក្តី​ជូន​ដំ​ណឹង​ពី​ការ​ទទួល​បាន​អាជ្ញា​បណ្ណ​អាជីវ​កម្ម​រ៉ែមាស​នេះ​​កាល​ពី​ថ្ងៃ​ ១០ កក្ក​ដា​ ហើយ​បាន​បញ្ជាក់​ថា​សិទ្ធិអាជីវ​កម្ម​នេះ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី ១១,៥ ហិក​តា ​នៃ​គម្រោង​រ៉ែ​មាស​របស់​ខ្លួន​នៅ​តំ​បន់​​អូខ្វាវ​​។

លោក Morgan Hart នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន Emeral Resource បាន​បញ្ជាក់​​នៅ​ក្នុង​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រុម​ហ៊ុន​ថា​៖​ «យើងមាន​សេច​ក្តី​រីក​រាយយ៉ាង​ខ្លាំង ​ដែល​ទទួល​បាន​សិទ្ធធ្វើ​អាជីវ​កម្ម​រ៉ែមាស​នេះ​។ វា​​ជា​សមទ្ធិ​ផល​ដ៏​សំ​ខាន់​មួយសម្រាប់​យើង​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការ​ផលិត​មាស​ពី​តំ​បន់​​​រ៉ែ​មាស​អូ​ខ្វាវ​នៅ​ចុង​ឆ្នាំ​នេះ​ និង​បង្កើត​ជា​​ការ​ផលិត​មាសឲ្យ​បាន​​ជាង​ ១០ ម៉ឺនអោនស៍​ក្នុង​មួយ​ឆ្នាំ»​។

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់ Emeral Resource អាជ្ញា​បណ្ណ​ធ្វើ​​អាជីវ​កម្មរ៉ែ​មាស​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋា​ភិ​បាល​កម្ពុជា​នា​ពេល​នេះ​ មាន​សពុល​ភាព​រយៈពេល​ ១៥ ឆ្នាំ ដោយ​ក្រុម​ហ៊ុន​មាន​សិទ្ធ​ស្នើ​សុំ​បន្ត​សពុល​ភាព​សា​រ​ជា​ថ្មី​ពីរ​ដង ដោយ​ម្តងៗ​មាន​រយៈ​ពេល​ ១០ ឆ្នាំ។ ​ ​ក្រុម​ហ៊ុន​ Emeral Resource គឺ​ជា​ក្រុម​ហ៊ុន​មេ​របស់​ក្រុម​ហ៊ុន​ Renaissance Minerals ដែល​ជា​អ្នក​ប្រ​តិ​បត្តិ​គម្រោង​រ៉ែ​មាស​​អូខ្វាវ​នៅកម្ពុជា។​ កាល​ពី​ខែ​ ឧស​ភា ឆ្នាំ ២០១៧​ ក្រុមហ៊ុន Emeral Resource ​បាន​ចេញ​​​ផ្សាយលទ្ធ​ផល​នៃ​​ការ​សិក្សា​​របស់​ខ្លួន​​​ដោយ​បញ្ជាក់​ថា​គម្រោង​រ៉ែ​មាស​អូ​ខ្វាវ​មាន​​​កំណប់​រ៉ែ​មាស ១,១៤ លាន​អោនស៍។ តាម​រយៈ​ទិន្ន​ផល​នេះ ក្រុម​ហ៊ុន​រំ​ពឹង​ថា​នឹង​​រក​បាន​ប្រ​មាណ​ ២២៥ លាន​ដុល្លារ​តាម​រយៈ​​តម្លៃ​មាស​នា​ពេល​នោះ​គឺ​ ១២៥០ ដុល្លារ​ក្នុង​មួយ​អោនស៍។

ក្រុមការងាររបស់​ក្រុមហ៊ុន Renaissance Minerals កំពុងសិក្សានៅ​តំបន់រ៉ែមាសក្នុងប្រទេសកម្ពុជា (រូបថត៖ វិបសាយក្រុមហ៊ុន Renaissance Minerals)
Emerald Resources ជឿជាក់​ថា​គម្រោង​រ៉ែមាស​អូរខ្វាវ​អាច​ផលិត​មាស​បាន ១០ម៉ឺន​៦ពាន់​អោនស៍​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​​ប្រតិបត្តិការ​រយៈពេល ៧ ឆ្នាំ ហើយ​អាច​ត្រូវ​​​ប្រើ​ប្រាស់​ដើម​ទុន​ប្រ​មាណ​ជិត​ ១០០ លាន​ដុល្លារ។

លោក​ យស មុនី​រ៉ាត់ អ្នក​នាំ​ពាក្យ​ក្រ​សួង​រ៉ែ និង​ថាម​ពល​បាន​បញ្ជាក់​​ពី​ការ​ផ្តល់​អាជ្ញា​បណ្ណ​អាជីវ​កម្ម​រ៉ែ​មាស​ដល់​ក្រុម​ហ៊ុន​ Renaissance Minerals ដែល​ជា​ក្រុម​ហ៊ុន​កូន​របស់​ Emeral Resource នៅ​អូស្រ្តា​លី​នេះ ហើយអះ​អាង​ថាអជ្ញា​បណ្ណ​នេះ នឹង​​បើក​ផ្លូវ​ដល់​ក្រុម​ហ៊ុន​​ក្នុង​ការ​ចាប់​ផ្តើម​ក​សាង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​ខ្លួន​ដើម្បី​ឈាន​ដល់​ដំ​ណើរ​ការ​ទាញ​យក​មាស​ក្នុង​ពេល​ខាង​មុខ។

លោក​បន្ត​ថា ជា​ទូ​ទៅ​ក្រុមហ៊ុន​អាច​ត្រូវ​ការ​ពេល​ចន្លោះ​ពី ១៨ ទៅ​ ២៤ ខែ​ដើម្បី​ក៏​សាង​រច​នា​សម្ព័ន្ធ​របស់​ខ្លួន​មុន​នឹង​ដំណើ​រ​ការ​អាជីវ​កម្ម​បាន ដែល​លោក​រំ​ពឹង​ថា​កា​រ​ចាប់​ផ្តើម​ផលិត​កម្ម​អាចចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ ២០១៩ ខាង​មុខ។   លោក យស មុនី​រ៉ាត់ មិន​ទាន់​អាច​វាយ​តម្លៃ ពី​អត្ថ​ប្រ​យោជន៍​ធំ​ប៉ុណ្ណា​ដែល​ផលិត​កម្ម​រ៉ែ​មាស​នេះ​អាច​ផ្តល់​ឲ្យ​​​នៅ​ឡើយ តែ​បញ្ជាក់​ថា រដ្ឋា​ភិ​បាល​កម្ពុជា​នឹង​បាន​ប្រ​យោជន៍​ពី​ចំ​ណូល​ពន្ធ​ក្នុង​អត្រា​ខ្ពស់​ជាង​ផលិត​កម្ម​ធម្ម​តា​ពី​ផលិត​កម្ម​នេះ និង​ ចំ​ណូល​មិន​មែ​ន​សារ​ពើ​ពន្ធ​ផ្សេងៗ​ដូច​ជា​​ចំ​ណូល​សួយ​សារ​អា​ករ​ និង​ចំ​ណូល​ជួល​ផ្ទៃ​ក្រ​លា​ផ្សេងៗ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ផលិត​កម្មនេះ​​ដំណើរ​ការ វា​នឹង​ក្លាយ​ជា​​​គម្រោង​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ដែល​ត្រូវ​បាន​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

យោង​តាម​មន្រ្តី​អ្នក​នាំពាក្យ​ដដែល គិត​មក​ទល់​ពេល​នេះ ក្រ​សួង​រ៉ែ​ និង​ថាម​ពល​បាន​ផ្តល់​អជ្ញាបណ្ណ​​សម្រាប់​​ការ​សិក្សា​រុក​រក​រ៉ែ​មាស​នេះ​ជាង ៥០ អជ្ញា​បណ្ណ​ហើយ ខណៈ​អជ្ញា​បណ្ណ​សម្រាប់​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​ បាន​ផ្តល់​ឲ្យ​តែ​ពីរ​ប៉ុណ្ណោះ​​បូក​រួម​ទាំងអាជ្ញា​បណ្ណ​ថ្មី​នេះ៕

អត្ថបទ៖ ផាក បញ្ញា

អត្ថបទថ្មី
;