លោក សុខ ឥសាន ជំរុញឱ្យ Aljazeera ដាក់ភស្តុតាងបន្ថែម លើករណីអគ្គនាយកពន្ធដារ
- 2018-07-15 02:04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សុខ ឥសាន ជំរុញឱ្យ Aljazeera ដាក់ភស្តុតាងបន្ថែម លើករណីអគ្គនាយកពន្ធដារ
ចន្លោះមិនឃើញ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន កាលពីថ្ងៃទី១៣កក្កដា ឆ្នាំ២០១៨ បានជំរុញឱ្យទូរទស្សន៍ Aljazeera ដាក់ភស្តុតាងបន្ថែមទៅកាន់សមត្ថកិច្ចដើម្បីបើកការស៊ើបអង្កេតលើករណី លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើមានភស្តុតាងអោយគេបញ្ជូនមកអោយអង្គភាពប្រឆាំងអំពើពុករលួយទៅ។ ហើយសម្ដេចតេជោ ហ៊ុន សែន លោកនឹងមិនកាន់ជើងជនខិលខូចនោះទេ»។
ការលើកឡើងរបស់មន្រ្តីរាជរដ្ឋាភិបាលខាងលើនេះ គឺបន្ទាប់ពីទូរទស្សន៍បរទេស Aljazeera រាយការណ៍កាលពីថ្ងៃទី១២ ខែកក្កដាថា លោក គង់ វិបុល មានក្រុមហ៊ុនមួយចំនួនក្នុងទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ក្នុងតម្លៃរាប់លានដុល្លារ ទោះបីជាលោក គង់ វិបុល មានប្រាក់ខែ ត្រឹមតែប្រមាណ១ពាន់ដុល្លារក៏ដោយ។
ប៉ុន្តែលោក គង់ វិបុល បានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ Aljazeera ជាភាសាអង់គ្លេស ដោយបដិសេធថា លោកមិនមានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនណាមួយដែលមានតម្លៃរាប់លាន ដុល្លារនេះឡើយ៖ «ខ្ញុំបានផ្ទេរក្រុមហ៊ុននេះទៅឲ្យមនុស្សផ្សេងទៀតអស់ទៅហើយ ប្រហែលឯកសារដែលអ្នកបានទទួលនោះ មិនបានធ្វើបច្ចុប្បន្នភាព ឬការកែតម្រូវនោះឡើយ។ ក្រុមហ៊ុននេះខ្ញុំបានបិទជាយូរមកហើយ ហើយខ្ញុំក៏គ្មានអ្វីជាប់ពាក់ព័ន្ធនៅក្នុងប្រទេសអូស្ត្រាលីនោះដែរ»៕