ទឹកទន្លេមេគង្គលើនៅកម្ពុជា នឹងចាប់ផ្តើមហក់ឡើង ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ
- 2018-07-16 07:16:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកទន្លេមេគង្គលើនៅកម្ពុជា នឹងចាប់ផ្តើមហក់ឡើង ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ
ចន្លោះមិនឃើញ
ក្នុងកំឡុងពេល ពីរបីថ្ងៃខាងមុខនេះ ទឹកទន្លេមេគង្គលើក្នុងប្រទេសកម្ពុជា នឹងហក់ឡើង ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្រសួងបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គនេះ គឺដោយសារតែឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ។ ឥទ្ធិពលនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឱ្យទឹកទន្លេមេគង្គហក់ឡើង។
បើយោងតាមការព្យាករកម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម មានកម្ពស់ទឹកកើនឡើងបើប្រៀបធៀបនឹងថ្ងៃទី១៦ កក្កដា។ ក្នុងនោះ៖
ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង៖ មានកម្ពស់ទឹក ៨,៣៥ម៉ែត្រ (១៧កក្កដា), ៨,៧២ម៉ែត្រ (១៨កក្កដា) និង ៨,៩ម៉ែត្រ (១៩កក្កដា)។
ស្ថានីយទន្លេមេគង្គ-ក្រចេះ៖ មានកម្ពស់ទឹក ១៧,៦២ម៉ែត្រ (១៧កក្កដា), ១៨,១០ម៉ែត្រ (១៨កក្កដា) និង១៨,៤៧ម៉ែត្រ (១៩កក្កដា)។
ស្ថានីយទន្លេមេគង្គ-កំពង់ចាម៖ មានកម្ពស់ទឹក ១១,១៨ម៉ែត្រ (១៧កក្កដា), ១១,៦៣ម៉ែត្រ (១៨កក្កដា) និង១២,០៤ម៉ែត្រ (១៩កក្កដា)៕