អ្នក​សង្គ្រោះ​អង់គ្លេស និង​មេ SpaceX កំពុង​ឈ្លោះ​គ្នា​រឿង​ជួយ​ក្មេងៗ​នៅ​ល្អាង​ថាមហ្លួង

  • 2018-07-16 08:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Vernon Unsworth អ្នក​សង្គ្រោះ​សញ្ជាតិ​អង់គ្លេស ដែល​ទើប​ជួយ​ក្រុម​កីឡាករ​វ័យ​ក្មេង​ថៃ​១៣​នាក់​នៅ​ល្អាង​ថាមហ្លួង កំពុង​មាន​ភាព​ថ្នាំងថ្នាក់​ជាមួយ​នឹង​លោក Elon Musk នាយក​ប្រតិបត្តិ SpaceX ជុំវិញ​រឿង​បដិសេធ​នាវា​មុជ​ទឹក​ខ្នាត​តូច​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

លោក Vernon វ័យ​៦៣​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន Guardian នៅ​ថ្ងៃ​នេះ​ថា លោក​ពិត​ជា​ភ្ញាក់​ផ្អើល និង​ខឹង​ខ្លាំង​ណាស់ នៅ​ពេល​ដែល​លោក Elon Musk បាន​ប្រើ​ពាក្យ​មិន​ល្អ​ថា​ឲ្យ​លោក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាស់លាស់។ លោក Elon Musk បាន​សរសេរ​សារ​នៅ​លើ Twitter ហៅ​លោក Vernon ថា​ជា​មនុស្ស "ដែល​បំពាន​ផ្លូវ​ភេទ​ក្មេងៗ (Pedo)"។

សារ​របស់​មហាសេដ្ឋី Elon Musk បង្ហោះ​ឡើង ក្រោយ​ពី​លោក Vernon បាន​ផ្ដល់​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៨ ​ថា នាវា​មុជ​ទឹក​របស់​ក្រុមហ៊ុន SpaceX ដែល​ផ្ដល់​ឲ្យ​នោះ គ្មាន​ប្រសិទ្ធភាព​ប្រើប្រាស់​នៅ​ក្នុង​ល្អាង​ភ្នំ​ថាមហ្លួង​បាន​ទេ។ លោក Vernon បាន​រៀបរាប់​ថា៖ "គាត់ (Elon Musk) មិន​ដឹង​ថា ផ្លូវ​ចូល​ល្អាង​មាន​សភាព​យ៉ាង​ម៉េច​ទេ។ ខ្ញុំ​ជឿ​ថា នាវា​មុជ​ទឹក​នេះ​មាន​ប្រវែង​ប្រហែល ១,៦​ម៉ែត្រ មិន​អាច​បត់បែន​បាន ដូច្នេះ​ហើយ​វា​មិន​អាច​ឆ្លង​កាត់​ឧបសគ្គ​ដែល​នៅ​ជ្រុង​ផ្លូវ​ដែល​កោង​ទេ"។

កើត​ក្ដី​មិន​ពេញ​ចិត្ត​នឹង​ការ​លើក​ឡើង​ខាង​លើ លោក Elon Musk បាន​ឆ្លើយ​តប​ទៅ​វិញ​ភ្លាមៗ​ថា លោក​នឹង​បង្កើត​វីដេអូ​មួយ ​បង្ហាញ​ពី​សមត្ថភាព​នាវា​មុជ​ទឹក​របស់​លោក ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ក្មេងៗ​ជាប់​គាំង​ខ្លួន​នៅ​ក្នុង​ល្អាង។ ក្រៅ​ពី​នេះ លោក​ថែម​ទាំង​ប្រើ​ពាក្យ​ថា "Pedo" វាយ​ប្រហារ​លោក Vernon ទៀត​ផង។

ពាក់ព័ន្ធ​នឹង​ការ​ហៅ​ដូច្នេះ លោក Vernon បាន​ប្រកាស​ថា លោក​នឹង​ចាត់​វិធានការ​ច្បាប់​តទល់​នឹង​លោក Elon Musk។ "ខ្ញុំ​ពិត​ជា​ជឿ​ថា លោក​បាន​ហៅ​ខ្ញុំ​ថា​ជា​មនុស្ស​ដែល​បំពាន​ផ្លូវ​ភេទ​ក្មេងៗ (Pedo) ប្រាកដ​មែន។ ខ្ញុំ​គិត​ថា រាល់​គ្នា​ច្បាស់​ណាស់​ថា​គាត់​នោះ​ជា​មនុស្ស​ប្រភេទ​ណា" នេះ​ជា​ការ​លើក​ឡើង​របស់​លោក Vernon៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;