ការិយាល័យ​បោះឆ្នោត​មួយ នឹង​ត្រូវដាក់​សន្តិសុខ​ការពារ​ចំនួន ៣​នាក់

  • 2018-07-18 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នីមួយៗ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នឹង​ត្រូវ​ដាក់​កម្លាំង​សន្តិសុខ​ការពារ​ចំនួន​៣​នាក់ ប៉ុន្តែ​កងកម្លាំង​នោះ អាច​កាន់​អាវុធ​វែង​បានតែ​១​ដើម​គត់ ដែល​មាន​គ្រាប់​យ៉ាង​ច្រើន​៣០​គ្រាប់ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុង​ថ្ងៃ​បោះឆ្នោត។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ហែល សារ៉ាត់ សមាជិក គ.ជ.ប ក្នុង​សន្និសីទ​កាសែត ធ្វើ​តេស្ដ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា​ម្សិលមិញ ។

លោក ហ៊ែល សារ៉ាត់ បន្ដ​ថា ភ្នាក់ងារ​សន្តិសុខ​៣​នាក់ ដែល​ការពារ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នីមួយៗ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កងកម្លាំង​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ពាក់​ប្រឡង់​ដៃ​សន្តិសុខ​របស់​គ.ជ.ប រហូតដល់​ចប់​ភារកិច្ច។

លោក ហ៊ែល សារ៉ាត់ ក្នុងកិច្ចប្រជុំ១របស់ គ.ជ.ប នាពេលកន្លងមក
លោក​បន្ថែម​ថា ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​មាន​ភារកិច្ច​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ កុំ​ឱ្យ​មានការ​រំខាន ការ​អុកឡុក ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​អាច​កើតឡើង​បាន ហើយ​អាច​ហាត់​ឃាត់​ជន​ដែល​យក​អាវុធ​ជាតិ​ផ្ទុះ និង​វត្ថុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ចូល​ក្នុង​បរិវេណ​ខាងក្រៅ និង​បរិវេណ​ខាងក្នុង​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត។

មន្រ្តី គ.ជ.ប ​រូប​នេះ ក៏បាន​លើកឡើងដែរ​ថា ភ្នាក់ងារ​សន្តិសុខ​ម្នាក់ ត្រូវ​ចល័ត​ការពារ​បរិវេណ​ខាងក្នុង​នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែល​មាន​ចម្ងាយ​យ៉ាងតិច​១៥​ម៉ែត្រ ពី​ការិយាល័យ​នោះ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​អាវុធ។ រីឯ​ភ្នាក់ងារ​សន្តិសុខ​ចំនួន​២​នាក់​ទៀត ត្រូវ​ចល័ត​ជុំវិញ​បរិវេណ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ក្នុង​ចម្ងាយ​ពី​១០០​ម៉ែត្រ ឬ​ស្ថិត​ក្នុង​ស្ថានភាព​ជាក់ស្ដែង នៃ​បរិវេណ​ខាងក្រៅ​នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នីមួយៗ អាច​ប្រើប្រាស់​អាវុធ​វែង​១​ដើម ដែល​មាន​គ្រាប់​យ៉ាង​ច្រើន​៣០​គ្រាប់។

ក្នុង​ករណី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ច្រើន​ប្រមូល​ផ្តុំ​ក្នុង​បរិវេណ ឬ អគារ​តែមួយ សមាជិក ​គ.ជ.ប បញ្ជាក់​ថា ចំនួន​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​សម្រាប់​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ត្រូវ​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​៣​នាក់​ក្នុង​មួយ​ការិយាល័យ​ឡើយ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;