ធនាគារជាតិ បញ្ចេញប្រាក់រៀល ទិញចូលប្រាក់ដុល្លារជាង ៣៥០លាន ក្នុងរយៈពេល៦ខែ
- 2018-07-18 07:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារជាតិ បញ្ចេញប្រាក់រៀល ទិញចូលប្រាក់ដុល្លារជាង ៣៥០លាន ក្នុងរយៈពេល៦ខែ
ចន្លោះមិនឃើញ
ធនាគារជាតិនៃកម្ពុជា បានបញ្ចេញប្រាក់រៀល ទិញចូលប្រាក់ដុល្លារអាមេរិកជិត ៣៥១លានដុល្លារ ក្នុងអំឡុងពីខែមករា ដល់ មិថុនាឆ្នាំនេះដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ធនាគាជាតិនៃកម្ពុជា ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។
របាយការណ៍នេះ បានបង្ហាញថា ប្រាក់រៀលដែលបញ្ចេញទៅទីផ្សារ គឺធនាគារកណ្តាលរបស់កម្ពុជាបានលក់ប្រាក់រៀលទៅឲ្យធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ ដើម្បីទិញចូលដុល្លារ ហើយបានធ្វើឲ្យអត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារស្ថិតនៅក្នុងរង្វង់ ៤០៣៧ រៀលក្នុង ១ដុល្លារ។
លោកស្រីថ្លែងថា៖ «ស្ថិរភាពតម្លៃប្រាក់រៀលគឺជាកត្តាយ៉ាងសំខាន់ដើម្បីធានាស្ថិរភាពថ្លៃទំនិញ មិនឲ្យកើនឡើងខ្ពស់ពេក ឬ ធ្លាក់ចុះខ្ពស់ពេក។ ការប្រើប្រាស់ប្រាក់រៀលបានបន្តកើនឡើង ប៉ុន្តែកម្រិតដុល្លាររូបនីយកម្ម [ការប្រើប្រាស់ដុល្លារក្នុងចរន្តសេដ្ឋកិច្ច] នៅមានកម្រិតខ្ពស់នៅឡើយ។ ចំណុចនេះ ទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នាទាំងស្ថាប័នធនាគារ និងបុគ្គល»។
កម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លារ ដូច្នេះហើយធនាគារកណ្ដាល មានជម្រើសតិចតួចនៅឡើយ ក្នុងការធ្វើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ហើយកន្លងមកការទិញប្រាក់ដុល្លារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ គឺជាភារកិច្ចដ៏សំខាន់មួយរបស់ធនាគារកណ្ដាលដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងអតិផរណា។
យោងតាមរបាយការណ៍របស់ធនាគារជាតិ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារមានការប្រែប្រួលតាមរដូវកាល ដែលជាទូទៅតម្លៃប្រាក់រៀលតែងកើនឡើងចន្លោះពីខែ មករា ដល់ មីនា ដោយសារមានតម្រូវការខ្ពស់ក្នុងការទិញកសិផល និងការបង់ពន្ធ (ដែលតម្រូវជាប្រាក់រៀល)។
អ្នកជំនាញពីខាង ធនាគារជាតិព្យាករថា គ្រឹះស្ថានធនាគារ និងអាជីវករប្តូរប្រាក់ នឹងនៅបន្តត្រូវការប្រាក់រៀលនៅឆមាសទីពីរបន្ថែមទៀត ដែលអាចធ្វើឲ្យធនាគារជាតិបន្តបញ្ចេញប្រាក់រៀលដើម្បីទិញយកប្រាក់ដុល្លារប្រមាណ ៣៧៣,៥ លានដុល្លារ។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០១៨ កម្ពុជាបានបង្កើនទុនបម្រុងអន្តរជាតិដុល ដល់ ៩,១ ពាន់លានដុល្លារ ដែលអាចធានាការនាំចូលទំនិញ និងសេវាប្រមាណ ៦ខែ។ ប្រាក់ដុល្លារដែលជាទុនបម្រុងអន្តរជាតិនេះ ជាចំណែកដ៏សំខាន់មួយដើម្បីជាវត្ថុតម្កល់ ក្នុងការធានាដល់តម្លៃប្រាក់រៀលដែលបានបោះពុម្ព និងបានបញ្ចេញនៅលើទីផ្សារ៕