អេស៊ីលីដា គ្រោងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងទីផ្សារមូលបត្រកម្ពុជា
- 2018-07-19 02:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេស៊ីលីដា គ្រោងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងទីផ្សារមូលបត្រកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន អេ អេស អេ ដែលកាន់កាប់ភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារអេស៊ីលីដា បានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃពុធ ទី១៨កក្កដា ដោយបញ្ជាក់ថា ខ្លួនកំពុងរៀបចំនីតិវិធី និងលក្ខខ័ណ្ឌតម្រូវតាមបទប្បញ្ញត្តិ ដើម្បីស្នើសុំការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈនៅ CSX។ ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី រំពឹងថាដំណើរការរៀបចំចុះបញ្ជីនៅ CSX នឹងអាចបញ្ចប់នាពេលដ៏ខ្លី។
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី បានបង្កើតឡើងនៅឆ្នាំ២០០០ ហើយបានកាន់កាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ២៥ ភាគរយ។ គិតមកទល់ពេលនេះ ក្រុមហ៊ុនមានភាគហ៊ុនិកជាង១ម៉ឺននាក់ ដែលភាគច្រើនគឺជា បុគ្គលិក និងនិយោជិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ក្រុមហ៊ុន អេ អេស អេ នឹងត្រូវឆ្លងកាត់នីតិវិធីច្បាប់មួយចំនួនដើម្បីអាចបោះផ្សាយលក់មូលបត្រជាផ្លូវការ។ នីតិវិធីសំខាន់ៗមានដូចជា ការតម្រូវឲ្យទទួលបានការអនុម័តលើលទ្ធភាពចុះបញ្ជីពី csx និងការទទួលបានការអនុញ្ញាត្តិបោះផ្សាយលក់ភាគហ៊ុនពី SECC។ យ៉ាងណាក៏ដោយ ដោយសារ ក្រុមហ៊ុន អេ អេស អេ ជាក្រុមហ៊ុនដែលប្រមូលផ្តុំដោយបុគ្គលិក និយោជិក របស់អេស៊ីលីដា ហើយ ធនាគារនេះតែងមានរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានសម្រាប់សាធារណៈជនរួចហើយ ដូច្នេះការធ្វើដំណើរដើម្បីទៅដល់ការចុះបញ្ជីជាផ្លូវការនឹងអាចចំណាយពេលខ្លីប៉ុណ្ណោះ។
ប្រសិនបើភាគហ៊ុនរបស់អេស៊ីលីដា ត្រូវចុះបញ្ជីជួញដូរជាសាធារណៈនៅ CSX នាចុងឆ្នាំនេះ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបន្ថែម ២ ទៀតនៅចុងឆ្នាំនេះ ដែលធ្វើឲ្យក្រុមហ៊ុនចុះបញ្ជីសរុបកើនដល់ ៧ (បច្ចុប្បន្ន ក្រុមហ៊ុនចុះបញ្ជីមាន ៥)។
ក្រុមហ៊ុន Pestech Cambodia ដែលមានបំណងចុះបញ្ជីក្នុងផ្សារហ៊ុនដែរនោះ កាលពីថ្មីនេះ ទើបបានទទួលការអនុញ្ញាតពី CSX និងការអនុញ្ញាតបោះផ្សាយពី SECC ដែលត្រូវបានគេរំពឹងថាអាចឲ្យក្រុមហ៊ុននេះ អាចចុះបញ្ជីជួញដូរនៅចុងឆ្នាំនេះ។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃក្រុមហ៊ុន CSX រំពឹងថា វត្តមានក្រុមហ៊ុនកាន់តែច្រើន ចុះបញ្ជី ជាពិសេសវត្តមានធនាគារធំជាងគេដូចជា អេស៊ីលីដា នឹងរួមចំណែកធ្វើឲ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែកើនឡើងជាងបច្ចុប្បន្ន។
លោកថ្លែងថា៖ «ធនាគារអេស៊ីលីដា ជាធនាគារធំជាងគេនៅកម្ពុជាដែលមានសាខាគ្រប់ខេត្តក្រុង និងមានប្រជាជនស្គាល់ស្ទើរគ្រប់គ្នា អ៊ីចឹងប្រជាជនជាច្រើនអាចនឹងចាប់អារម្មណ៍មក CSX កាន់តែខ្លាំង នៅពេលអេស៊ីលីដាចុះបញ្ជីជួញដូរនៅទីនេះ»៕