ដំណោះ​ស្រាយ​របស់​រាជ​រដ្ឋាភិបាល ក្រោយ​ស្រូវ​អ៊ីអ៊ែ ជួប​បញ្ហា​តម្លៃ

  • 2018-07-19 04:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ នឹង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​នីតិវិធី​សម្រាប់​ផ្តល់​ប្រាក់​កម្ចី​ជូន​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ និង​អ្នក​នាំចេញ​ យកទៅ​ធ្វើ​ជា​ទុនបង្វិល ដើម្បី​ប្រមូល​ទិញ​ស្រូវ​អ៊ីអ៊ែរ ដោយ​យកស្រូវ​នៅក្នុង​ស្តុក​ជាវត្ថុបញ្ចាំ ។ ដំណោះស្រាយ​នេះ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធ្លាក់ចុះ​តម្លៃ​ស្រូវ​អ៊ីអ៊ែរ​នៅ​កម្ពុជា ដែល​កំពុង​កើត​ឡើង។

ប្រជាកសិករ កំពុងស្ទូងស្រូវ នាពេលកន្លងមក (រូបតំណាង)
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា បញ្ជាក់​ថា តម្លៃ​ស្រូវ​អ៊ីអ៊ែរ បាន​ធ្លាក់​ចុះ​ប្រមាណ​១៥% នៅ​ថ្ងៃទី​១៦ ខែ​កក្កដា បើ​ធៀបនឹង​ថ្លៃ​ស្រូវ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ។ តម្លៃ​ស្រូវ​នេះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​ជំនាញ ក្រោយ​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​នៅ​តំបន់​ផលិតកម្ម​ស្រូវ​សំខាន់ៗ​ដូចជា ខេត្ត​បាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និង​តាកែវ ។

មូលហេតុ​នៃការ​ធ្លាក់ចុះ​តម្លៃ​ស្រូវ​នេះ ត្រូវបាន​រកឃើញ​ថា ដោយ​សារមាន​កំណើន​កម្ពស់​ទឹក និង​ការ​ធ្លាក់​ភ្លៀង​ជោកជាំ បណ្តាល​ឱ្យមាន​សំណើម​ខ្លាំង រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នក​នាំចេញ​មាន​កង្វះខាត​ទុន​បង្វិល​ដើម្បី​ទិញស្រូវ​ស្តុកទុក គួបផ្សំ​នឹងការ​ធ្លាក់​ថ្លៃ​នៃ​អង្ករ​អ៊ីអ៊ែរ ក្នុង​ទីផ្សារ​អន្តរជាតិ​ចំនួន ៥០​ដុល្លារ ក្នុង​១តោន។

គូស​បញ្ជាក់​ថា ជា​ទូទៅ ទិន្នផល​ស្រូវ​អ៊ីអ៊ែរ​ទទួលបាន​ជា​មធ្យម ៦តោន​ក្នុង​មួយ​ហិកតា ហើយ​តម្លៃ​ស្រូវ​បច្ចុប្បន្ន​ជា​មធ្យម ៨០០រៀល​ក្នុង​មួយ​គីឡូក្រាម។ ផល​ចំណូល​ពីការ​លក់​ស្រូវ​មួយ​ហិកតា​ស្មើនឹង ៤,៨លាន​រៀល ដោយ​ទូទាត់​ជាមួយ​ថ្លៃដើម​នៃការ​ផលិត ជា​មធ្យម​ចំនួន ២,៨​លាន​រៀល ពោលគឺ​ប្រជា​កសិករ នៅតែ​ទទួល​បាន​ប្រាក់​ចំណេញ​ជា​មធ្យម​ចំនួន ២​លាន​រៀល​ក្នុងមួយ​ហិកតា ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ កាលពី​ថ្ងៃទី​១៨​កក្កដា៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;