គ.ជ.ប មិន​​អាច​ពន្យារ​ពេល​បោះឆ្នោត​បាន​ទេ ទោះមាន​គ្រោះ​ទឹកជំនន់​ក៏ដោយ

  • 2018-07-20 06:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មិន​អាច​ពន្យារ​ពេល​បោះឆ្នោត​បាន​ទេ បើទោះ​បីជា​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​មួយ​ចំនួន​ក្ដី។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប កាលពី​ថ្ងៃទី១៩កក្កដា​ម្សិលមិញ។

លោក​ថា បើ​ទឹកជំនន់​ធ្វើ​ឲ្យ​លិច​ការិយាល័យ​រៀបចំ​ការបោះឆ្នោត គឺ​គ​.​ជ​.​ប នឹង​ផ្លាស់ប្ដូរ​ទីតាំង​បោះឆ្នោត​ថ្មី​ទៅកាន់​ទី​ទួល​ខ្ពស់ ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ងាយស្រួល​ពលរដ្ឋ​ទៅ​បោះឆ្នោត។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ្រោះធម្មជាតិ​នេះ មិនមែន​ទើបតែ​កើតមាន នៅ​អាណត្តិ​ទី​៦​នេះ​ទេ នៅ​អាណត្តិ​មុនៗ ក៏​គ.ជ.ប ជួប​ឧបសគ្គ​បាតុភាព​នេះ​ដែរ។

លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំ១របស់ គ.ជ.ប នាពេលកន្លងមក
មក​ទល់​ពេល​នេះ ខេត្ត​ចំនួន​៥ កំពុង​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ គឺ​ខេត្ត​កំពត បាត់ដំបង កំពង់ស្ពឺ កោះកុង និង​ខេត្ត​ព្រះសីហនុ។ ស្ថានភាព​ទឹកជន់​ទាំងនោះ បាន​គំរាមកំហែង​ដល់​ទី​តាំង​ការិយាល័យ​បោះឆ្នោត​ជាច្រើន​កន្លែង ក្នុង​តំបន់​សំខាន់ៗ​នៃ​ខេត្ត​ទាំង ៥​នោះ ហើយ​អាច​ជា​ឧបសគ្គ​ដល់​ដំណើរការ​បោះឆ្នោត។

ថ្មីៗ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ឥទ្ធិពល​ព្យុះ បង្ក​ឲ្យ​កើតមាន​បម្រែបម្រួល​អាកាសធាតុ ផ្ទៃមេឃ​មាន​ពពក​ច្រើន និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២៣ កក្កដា​។ ក្រសួង​បន្ថែម​ថា រយៈពេល​៣​ថ្ងៃ​ខាងមុខ ទឹកទន្លេ​មេគង្គ​នៅ​ប៉ែក​ខាងលើ​របស់​កម្ពុជា នឹង​ហក់​ឡើង​ខ្ពស់ ហើយ​ទឹកនឹង​ហូរ​ចូល​តាម​ព្រែក និង​នៅ​តំបន់​ទំនាប​នានា ជាប់​នឹង​ដង​ទន្លេ​មេគង្គ។

ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ដែល​ជា​ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ ត្រូវ​ប្រញាប់​ប្រមូល​ផល​កសិកម្ម ឲ្យ​បាន​ឆាប់ ជៀសវាង ខូចខាត​ដោយសារ​ទឹកជំនន់។

ទឹកជំនន់ លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​នៃ​ព្រែកស្រែអំបិល ខេត្ត​កោះកុង នា​ថ្ងៃទី១៩ ខែកក្កដានេះ (រូបភាព៖ ក្រសួង​ធនធាន​ទឹក និងឧតុនិយម)

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស យល់ថា គ.ជ.ប គួរតែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ពី​ស្ថានភាព​ទឹកជំនន់​ថា នឹង​កើន​ឡើង​កម្រិត​ណា តែ​បើ​រក​ឃើញ​ថា ស្ថានភាព​ទឹក​ជន់​កើត​មាន​ខ្លាំង​រំខាន​ដល់​ដំណើរ​រៀបចំ​ការបោះឆ្នោត​ច្រើន​ទីតាំង គ​.​ជ​.​ប​ គួរតែ​ពិចារណា​ធ្វើ​ការ​លើក​ពេលវេលា​បោះឆ្នោត ឬ​ពន្យារពេល។

លោក​អង្កេត​ឃើញ​ថា គ្រោះ​ទឹកជំនន់​នេះ គឺ​ជៀស​មិន​ផុត​ពី​ការ​លំបាក​ដល់​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​បោះឆ្នោត​នោះ​ទេ ហេតុនេះ​ទាមទារ​ឲ្យ​គ​.​ជ​.​ប មានការ​សិក្សា​ឲ្យ​បាន​ហ្មត់ចត់ ជាមួយ​គណបក្ស​នយោបាយ​នានា។

កាលពី​ថ្ងៃទី១៦ កក្កដា អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​ជូនដំណឹង​យ៉ាង​ប្រញាប់​បំផុត ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ជាពិសេស​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ទន្លេ បឹង អូរ ព្រែក និង ប្រឡាយ នៅ​គ្រា​ដែល​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ហក់​ឡើង​លឿន អាច​បង្ក​ប៉ះពាល់​ទ្រព្យសម្បត្តិ ផលដំណាំ លំនៅឋាន អាយុជីវិត និង ជំងឺ​រាតត្បាត​ផ្សេងៗ​។ មន្ត្រី​សង្គម​ស៊ីវិល​អង្កេត​ឃើញ​ថា ស្ថានភាព​ទឹកជំនន់ និង​ការប្រែប្រួល​អាកាសធាតុ​នេះ គឺជា​ឧបសគ្គ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​ដែរ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;