តុលាការ​កំពូល​ បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​ របស់​អតីត​បុគ្គលិក​អាស៊ីសេរី

  • 2018-07-23 12:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កែវ វ៉ាន្នី មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី២រូប គឺលោក អ៊ួន​ ឈិន​ និង​លោក​ យាង​ សុធារិន​ (យាង សុជាមេត្តា) ឱ្យ​ដឹង​នៅថ្ងៃទី​២៣​កក្កដា​នេះ​ថា តុលាការ​កំពូល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ ដោយយោង​​ទៅលើ​សំអាង​ហេតុ​របស់​សាលា​ដំបូង​រាជធានី​​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​។

លោក​ កែវ វ៉ាន្នី បន្ត​ថា ហេតុផល​​បែប​នេះ​ មិន​មានលក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ឡើយ​ ព្រោះ​តុលា​ការ​មិន​បាន​រកឃើញ​ភស្តុតាង​អ្វី​ដើម្បី​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​ពួក​គេ​នោះ​ឡើយ។

លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការ នាពេលកន្លងមក
សូម​បញ្ជាក់​ថា អតីតបុគ្គលិក​អាស៊ីសេរី​ទាំង២រូប ត្រូវ​បាន​តុលាការ ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៨​ខែ​មកហើយ ក្រោម​បទ​ចោទ​ "ផ្តល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែលនាំ​ឱ្យ​អន្តរាយ​ដល់ការ​ការពារ​ជាតិ"។ តុលាការ​បាន​ពន្យារ​ពេល​ឃុំ​ខ្លួន​អ្នក​ទាំងពីរ​​ ដោយ​លើក​ហេតុ​ផល​ថា​ ដើម្បី​រក្សាជន​ត្រូវ​ចោទ​​ក្នុង​កិច្ច​​ស៊ើបសួរ​បន្ត​ទៅ​ទៀត​។

ក្រៅ​ពីជាប់ចោទ​រឿង​ចារកម្ម​នេះ លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន ក៏​កំពុង​ប្រឈម​នឹង​សំណុំ​រឿងមួយ​ទៀតដែរ គឺបទ​ផលិត​វីដេអូ​អាស​​អាភាស ដែលត្រូវ​បាន​ចោទ​ដោយ​តំណាង​អយ្យការ​អម​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​ប៉ុន្តែ​សំណុំ​រឿង​ទីពីរ​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើបអង្កេត​ ដោយ​មិន​ទាន់​មានការ​ចោទ​ប្រកាន់​ពី​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;