វិស័យសំណង់កម្ពុជា រក្សាបានកំណើនដ៏រឹងមាំ នាពាក់កណ្តាលឆ្នាំ២០១៨នេះ
- 2018-07-25 06:21:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិស័យសំណង់កម្ពុជា រក្សាបានកំណើនដ៏រឹងមាំ នាពាក់កណ្តាលឆ្នាំ២០១៨នេះ
ចន្លោះមិនឃើញ
វិស័យសំណង់របស់កម្ពុជា ត្រូវបានវាយតម្លៃថានៅរក្សាបានកំណើនដ៏រឹងមាំនៅឆមាសទីមួយឆ្នាំ ២០១៨ នេះ ដោយសារកំណើនការនាំចូលវត្ថុធាតុដើមសម្រាប់ទ្រទ្រង់វិស័យនេះ រួមផ្សំកំណើនចំនួនគម្រោងកំពុងសាងសង់ និងកំណើនឥណទាន។ យោងតាមរបាយការណ៍ប្រចាំឆមាសទីមួយរបស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ ២០១៨ នេះ គម្រោងសាងសង់សរុបដែលកំពុងដំណើរការនៅកម្ពុជាមានដល់ទៅ ១ ៧៤២ គម្រោង កើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមគម្រោងសរុប គម្រោងសំណង់លំនៅឋានមានចំណែក ៨៥ ភាគរយ ដោយភាគច្រើនជាគម្រោងសំណង់ថ្មីផ្តោតលើសំណង់ដែលមានតម្លៃទាបជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនមានចំណូលមធ្យម។ របាយការណ៍ធនាគារជាតិក៏បង្ហាញថា ឥណទានដែលផ្តល់ឲ្យដល់វិស័យសំណង់ក៏បានកើនឡើង ៣០ ភាគរយនៅឆមាសទីមួយឆ្នាំនេះ។
លោក ជាង ស៊ីវផេង អ្នកគ្រប់គ្រងទូទៅ សមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថាវិស័យសំណង់បានបនុ្តភាពរឹងមាំ ហើយមិនបានរងឥទ្ធិពលអវិជ្ជមានណាមួយពីព្រឹត្តការណ៍រសើបទាក់ទងនឹងការរៀបចំបោះឆ្នោតនៅចុងសប្តាហ៍នេះនោះទេ។
លោកបន្តថា ការកើនឡើងនូវសូចនាករ សំខាន់ៗបីខាងលើរួមមាន កំណើនឥណទាន កំណើនការនាំចូល និងកំណើនចំនួនគម្រោង គឺជាសញ្ញាល្អឆ្លុះបញ្ចាំងថាវិនិយោគិនក្នុងវិស័យសំណង់នៅតែមានទំនុកចិត្តចំពោះវិស័យនេះ។ លោកបន្តថា៖ «យើងជឿជាក់ថា នៅពេលដែលបោះឆ្នោតហើយ វិស័យសំណង់នឹងបន្តកើនឡើងជាងនេះទៀត និងយ៉ាងគំហុកទៀតផង»។ លោកថាសមាគម បានព្យាករពីនិន្នាការនេះ ហើយរំពឹងថាតម្រូវការវត្ថុធាតុដើមសម្រាប់គាំទ្រវិស័យសំណង់នឹងកើនឡើង ហើយសមាគមត្រៀមធ្វើការតាំងពិព័រវិស័យសំណង់រយៈ ពេលបីថ្ងៃគិតចាប់ពីថ្ងៃទី ២៩ ខែវិច្ឋិកា ដែលជាវេទិការមួយដែលនឹងបង្ហាញពីវត្ថុធាតុដើម និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដែលកំពុងមានតម្រូវការកាន់តែខ្លាំងនៅលើទីផ្សារ។
លោកបន្ថែមថា៖ «យើងឃើញរោងចក្រផលិតសម្ភារៈសំណង់បានកើនឡើងបណ្តើរៗនៅប្រទេសយើងបើទោះបីជាមិនទាន់សូវសម្បូរបែបក្តី។ តែដរាបណាវិស័យនេះបន្តកើនឡើង ហើយតម្រូវការសម្ភារៈក៏កើនឡើងខ្ពស់ វានឹងបង្កើតឱកាសដល់ពាណិជ្ជករ និងផលិតករក្នុងស្រុកបង្កើតផលិតផលដើម្បីផ្គត់ផ្គង់តម្រូវការ»៕