មេធាវី ស្នើឱ្យតុលាការដោះលែង លោក កឹម សុខា ខណៈជំងឺកៀបសរសៃរើឡើងវិញ
- 2018-07-26 01:42:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវី ស្នើឱ្យតុលាការដោះលែង លោក កឹម សុខា ខណៈជំងឺកៀបសរសៃរើឡើងវិញ
ចន្លោះមិនឃើញ
មេធាវី លោក កឹម សុខា បានស្នើសុំឲ្យតុលាការពន្លឿនសំណុំរឿង ដើម្បីយកមកជំនុំជម្រះ ដោយសារជំងឺគាបសរសៃលោក កឹម សុខា កំពុងរើឡើងវិញ។
លោកមេធាវី ផែង ហេង បានមានប្រសាសន៍កាលពីថ្ងៃទី២៥កក្កដាម្សិលមិញថា សំណុំរឿងដែលក្រុមមេធាវីប្ដឹងជំទាស់ទៅតុលាការមានពីរ គឺទី១ សំណុំរឿងប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែមីនា ឆ្នាំ២០១៨ សុំឲ្យសាលាដំបូងលើកលែងការចោទប្រកាន់លោក កឹម សុខា វិញ។ សំណុំរឿងទី២ គឺបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំ ប្ដឹងទៅតុលាការកំពូលកាលពីខែមិថុនា ឆ្នាំ២០១៨។ ក៏ប៉ុន្តែសំណុំរឿងទាំងពីរនេះ តុលាការទាំងពីរថ្នាក់ មិនទាន់យកមកជំនុំជម្រះនៅឡើយ ហើយការបន្តឃុំខ្លួនកូនក្ដីរបស់លោក ក៏នៅតែអូសបន្លាយ។
គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំ ដល់៣០ឆ្នាំ។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧៕