លោក ចិន ថុន៖ ការ​ប្ដឹង​តវ៉ា​របស់ LDP រឿង​គូស​សន្លឹកឆ្នោត នឹង​មាន​ជា​បន្ត​ទៀត

  • 2018-07-31 10:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានថ្លែង​ប្រាប់ [ខ្លីៗ] នៅ​ថ្ងៃ​ទី៣១ ខែកក្កដា​នេះ​ថា ការ​ប្ដឹង​តវ៉ា​របស់ LDP ទាក់ទង​នឹង​ការ​គូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត នឹង​មាន​ជា​បន្ត​បន្ទាប់ទៀត។

លោកបាន​បញ្ជាក់ថា បណ្តឹងដែល​ LDP ប្តឹងនៅ​គណៈកម្មាធិការរៀបចំ​ការបោះឆ្នោត ទាក់ទងនឹងការគូស​សញ្ញគាំទ្រ​នៅលើ​សន្លឹកឆ្នោត គឺមាន​ចំនួនជាង ១៧០០បណ្តឹង ដែល​ក្នុងនោះ គណៈកម្មការឃុំសង្កាត់រៀបចំ​ការបោះឆ្នោត (CEC) បានទទួល​បណ្តឹងចំនួន ១៣៦៧ ចារបដិសេធចំនួន ២៨៨បណ្តឹង និង​មិនព្រមទទួល​ទាល់តែសោះ​ ចំនួន ៩៥បណ្តឹង។

លោក ចិន ថុន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​របស់​ LDP នា​ពេល​កន្លងមក
លោក ចិន ថុន បានបន្តថា LDP រង់ចាំចំណាត់ការរបស់គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ខេត្ត (PEC) និងគណៈ​កម្មាធិការជាតិ​រៀបចំការបោះឆ្នោត (NEC) ជា​មុន​សិន មុន​មានវិធានការតាមដំណាក់កាលបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែកក្កដា​នេះថា បណ្តឹង​ក្រោយ​ថ្ងៃ​បោះឆ្នោត គឺ​មាន​ចំនួន ២២០៦បណ្តឹង ដែល​ភាគច្រើនជា​បណ្ដឹង​ទាក់ទង​នឹង​​ការ​គូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត។

ទាក់ទង​នឹង​រឿង​គូស​សញ្ញា​គាំទ្រ​នេះ​ដែរ លោក ខឹម វាសនា ប្រមុខ​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ធ្លាប់​បាន​ប្រកាស​ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ប្រកាន់​ជំហរ និង​ទាមទារ​​ឲ្យ​មាន​ការ​កំណត់​យក​សន្លឹក​ឆ្នោត​ដែល​គូស​សញ្ញា "ធីក" ឬ​សញ្ញា​ប្រហាក់ប្រហែល នៅក្នុង​ប្រអប់​​​រាង​បួនជ្រុងទ្រវែង "តូច"។ លោក​បាន​ពន្យល់​ថា ប្រសិន​បើ​គេ​អនុញ្ញាតិ​ឲ្យ​អ្នក​បោះឆ្នោត​គូស​សញ្ញា​អ្វី​ក៏បាន នោះ​ភាព​សម្ងាត់​ដែល​ជា​​គោលការណ៍​​នៃ​ការ​បោះឆ្នោត នឹង​ត្រូវ​បាត់បង់ ពោល​គឺ​គេអាច​កំណត់​អត្តសញ្ញាណ​​អ្នក​បោះឆ្នោតបាន៕

លោក ខឹម វាសនា ពន្យល់​រឿង​គូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត នៅ​ក្នុង​សន្នីសីទ​កាសែត មុន​ការ​បោះឆ្នោត

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;