គ.ជ.ប ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ខឹម វាសនា មកលើ​មន្ត្រី​បោះឆ្នោត

  • 2018-08-03 13:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី៣សីហានេះ បាន​ច្រានចោល​ចំពោះការ​លើកឡើង​របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ (LDP) ដែល​បាន​និយាយថា «គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ រួម​គំនិត​ជាមួយ​អាជ្ញាធរ ធ្វើការ​គាប​សង្កត់​ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​សង្កេត​មើលការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ»។ ការថ្លែង​ដូច្នេះ​របស់​លោក ខឹម វាសនា ធ្វើឡើង ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង RFI កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៨។

ក្រុម​ប្រតិកម្ម​ព័ត៌មាន បាន​ហៅ​ការ​លើកឡើង​នេះ​ថា ជាការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង ពីព្រោះ​ថា រហូតមក​ដល់​ពេល​នេះ គ.ជ.ប មិនបាន​ទទួល​ពាក្យ​បណ្តឹង ឬ​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ករណី​នេះ​ឡើយ។ គ.ជ.ប នឹង​ធ្វើការ​ស្រាវជ្រាវ​ ប្រសិន​បើ LDP មាន​ភស្តុតាង និង​មានព័ត៌មាន​គ្រប់គ្រាន់។

លោក ខឹម វាសនា លើកចង្អុលដៃក្រោយជ្រលក់ទឹកខ្មៅ ក្នុងពេលបោះឆ្នោតជាតិឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោត១ក្នុងសាលាវិចិត្រសិល្បៈ ខណ្ឌសែនសុខ
គ.ជ.ប បាន​បន្ត​ថា «លោក ខឹម វាសនា បាន​និយាយ​ទៀតថា ភ្នាក់ងារ​គណបក្ស​នយោបាយ​ត្រូវបាន​ប្រធាន​ការិយាល័យ​បោះឆ្នោត បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​ទម្រង់ ១១០១ និង​ទម្រង់ ១១០២ មុន​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត និង​មានការ​ចាប់​វាយខ្នោះ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយសារ​ការ​មិនចុះ​ហត្ថលេខា​នេះ»។ ការ​ចុះ​ហត្ថលេខា​លើ​ទម្រង់ ១១០១ និង​ទម្រង់ ១១០២ មិនមែន​ជាការ​ចាប់​បង្ខំ​ទេ គឺ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត។ ចំណែក​ការ​មិនព្រម​ចុះ​ហត្ថលេខា​របស់​ភ្នាក់ងារ​គណបក្ស​នយោបាយ មិន​អាច​មោឃភាព​ទម្រង់​ទាំង ២​នេះ​ឡើយ។

គ.ជ.ប ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ទៀត​ដែរ​ថា ចំពោះ​ការ​ចាប់​វាយខ្នោះ គឺជា​ការ​និយាយ​បំផ្លើស ពីព្រោះ​ថា នៅ​ការិយាល័យ​បោះឆ្នោត នៃឃុំ​ចំនួន​៣ ក្នុង​ខេត្ត​កំពង់ធំ ភ្នាក់ងារ​គណបក្ស​នយោបាយ​របស់ LDP បាន​ធ្វើ​ការ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ទោះបី​មាន​ការ​ណែនាំ​ច្រើន លើក​ច្រើន​សារ ពី​ប្រធាន​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ក៏ដោយ។ អ៊ីចឹងហើយ ទើប មន្ត្រី​ការិយាល័យ​បាន​អញ្ជើញ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ឱ្យ​នាំ​ភ្នាក់ងារ​ដែល​រំខាន​នោះ​ចេញពី​ការិយាល័យ ដោយ​ពុំមាន​ការ​ចាប់ចង ឬ​ដាក់ខ្នោះ​ទេ។

ចំពោះការ​អះអាង​របស់​លោក ខឹម វាសនា ដែល​ថា «ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​យ៉ាងច្រើន​បំផុត​ត្រឹម ៧០% ប៉ុណ្ណោះ» ត្រូវបាន គ.ជ.ប បាន​ចោទ​សួរ​ថា តើ​សំអាង​លើ​ហេតុផល​អ្វី ហើយ​ស្នើ​ឱ្យ​បំភ្លឺ ពីព្រោះ​ថា តាមការ​ប្រកាស​លទ្ធផល​បឋម​របស់ គ.ជ.ប បន្ទាប់ពី​បាន​ទទួល​របាយការណ៍ ពី​គ្រប់​ការិយាល័យ​បោះឆ្នោត អត្រា​នៃ​ប្រជាពលរដ្ឋ​ដែលបាន​អញ្ជើញ​ទៅ​បោះឆ្នោត កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ មាន​ចំនួន ៨២,៨៩%។

ចំណុច​មួយទៀត​ដែល​លោក ខឹម វាសនា បាន​និយាយ​ដែរ​នោះ​គឺ «មានការ​ហាមឃាត់​ពី​សំណាក់​ប្រធាន​ការិយាល័យ​បោះឆ្នោត មិនឱ្យ​ថត​សកម្មភាព​ដំណើរការ​រាប់​សន្លឹក​ឆ្នោត»។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បាន​បញ្ជាក់​ថា មាន​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​តូច អនុវត្ត​មិនបាន​ល្អ​ចំពោះ​ករណី​ថតរូប​នេះ ប៉ុន្តែ​បន្ទាប់ពី​មាន​ការ​ធ្វើ​អន្តរាគមន៍ របស់​គណៈកម្មការ​រាជ​ធានី ខេត្ត​រៀបចំ​ការ​បោះឆ្នោត សកម្មភាព​ថត​ក៏ត្រូវ​បាន​ដំណើរការ​ជា​ធម្មតា​ឡើងវិញ។

គ.ជ.ប បាន​ទទួល​បណ្តឹង​ពី LDP ចំនួន ២៥៩២​បណ្តឹង ក្នុងនោះ​បណ្តឹង​ដែល​ពាក់ព័ន្ធ នឹង​គំនូស​សញ្ញា​នៅលើ​សន្លឹក​ឆ្នោត មាន​រហូតដល់​ទៅ ២៤៩៣​បណ្តឹង ហើយ​បណ្តឹង​ដែល​ពាក់ព័ន្ធ នឹងការ​ផ្តន្ទាទោស​មាន​ចំនួន​ត្រឹ​មតែ ៩៩​បណ្តឹង សម្រាប់ ៩៩​ការិយាល័យ នៃ​ការិយាល័យ​បោះឆ្នោត សរុប​ចំនួន ២២ ៩៦៧។ ហេតុនេះ គ.ជ.ប បាន​ហៅការ​និយាយ​របស់​លោក ខឹម វាសនា ក្នុងកិច្ច​សម្ភាស​នោះ​ថា​ មិនឆ្លុះ​បញ្ចាំង​ពីការ​ពិត​នៃ​បណ្តឹង​ដែល LDP បាន​ប្តឹងភាគ​ច្រើន​លើសលុបពី​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ នៅលើ​សន្លឹក​ឆ្នោត​នោះទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;