មេធាវី បង្ហាញក្តី​រំពឹងខ្ពស់​ថា តុលាការ​នឹង​ដោះលែង​លោក កឹម សុខា

  • 2018-08-06 09:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ម៉េង សុភារី សមាជិក​ក្រុម​មេធាវី​ការពារ​ក្តី លោក កឹម សុខា នៅថ្ងៃ​ទី៦​សីហា​នេះ បាន​បង្ហាញ​ក្តី​សង្ឃឹម​ខ្ពស់​ថា ក្នុង​សវនការ​តុលាការ​កំពូល នៅ​ថ្ងៃទី​២២​សីហា​ខាងមុខ​នេះ កូន​ក្តីខ្លួន នឹង​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន។

លោកស្រី​បាន​អះអាង​ថា លោក កឹម សុខា បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់តាម​ផ្លូវច្បាប់ ដើម្បី​អាច​នៅ​ក្រៅ​ឃុំ​បាន​។ ម្យ៉ាង​លោក កឹម សុខា មាន​ជំងឺ​គៀប​ស​សៃ​ធ្វើទុក្ខ​ដល់​សុខភាព ដែល​មេធាវី​រូបនេះ​ថា ត្រូវការ​ការវះកាត់​ដើម្បី​ព្យាបាល។

អ្នកគាំទ្រ​កាន់រូបលោក កឹម សុខា ក្នុងពេលតុលាការបើកសវនការ នាពេលកន្លងមក
ការ​បើក​សវន​ការ​នៅ​ថ្ងៃ​ទី​២២​សីហា​ខាង​មុខ​នោះ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​នឹង​មាន​វត្តមាន លោ​កឹម សុខា ចូលរួម​ឬ​យ៉ាងណានោះ ព្រោះ​ការបើក​សវន​ការ​នា​ពេល​កន្លង​ទៅ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​វត្ត​មាន​ជន​ត្រូវ​ចោទ​រូបនេះ​ឡើយ។ មេធាវី​ បាន​ទាមទារ​ឲ្យមាន​វត្តមាន​លោក កឹម សុខា នៅក្នុង​សវន​ការ ដើម្បី​​ឱ្យលោក​អាច​បង្ហាញ​ពី​ផល​លំបាកផ្ទាល់ខ្លួន​ក្នុង​សវនការ​នេះ​តែម្តង។

សូម​រំលឹក​ថា យោង​តាម​លិខិត​របស់​លោក​ ឈួន ចាន់ថា អគ្គ​ព្រះ​រាជ​អាជ្ញារង នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨ ឱ្យដឹងថា តុលាការ​កំពូល​ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា អតីត​ប្រធាន​​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;