លោក សម រង្ស៊ី យល់ព្រម​ស្បថ​ដាក់ជីវិត ជាមួយ​សម្តេច ហ៊ុន សែន

  • 2018-08-06 12:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី៦​សីហានេះ បាន​ឆ្លើយតប​ទៅនឹង​សម្តេច ហ៊ុន សែន ដោយ​យល់ព្រម​ស្បថ​ដាក់​ជីវិត តែលោក​ស្នើឱ្យ​រាប់​សន្លឹក​ឆ្នោត​នៅទូទាំង​ប្រទេស​ឡើងវិញ​សិន។

ការ​លើកឡើង​ខាងលើ​នេះ បន្ទាប់ពី​សម្តេច ហ៊ុន សែន កាលពី​ព្រឹកមិញ បាន​បបួល​អ្នក​ប្រឆាំង​ (សំដៅ​ទៅ​លោក សម រង្ស៊ី) ដែល​ចោទ​ថា​មាន​ការ​បំប៉ោង​តួលេខ​អ្នក​បោះឆ្នោត​នោះ ឱ្យ​ស្បថ​ដាក់​ជីវិត​គ្រប់​ប្រភេទ​ទាំងអស់។ ការ​ហៅ​មក​ស្បថ​របស់​ ​សម្តេច ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កីឡាករ-កីឡាការិនី ដែលត្រៀម​ចូលរួម​ប្រកួត Asian Games។

លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាពេលកន្លងមក
លោក​ សម រង្ស៊ី បាន​សរសេរបង្ហោះ​នៅលើទំព័រហ្វេសប៊ុក​ថា ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣ សម្តេច ហ៊ុន សែន ក៏ធ្លាប់​បានបបួល​លោក ឱ្យស្បថ​ដាក់​ជីវិត​ដូចគ្នាអ៊ីចឹងដែរ ព្រោះពេលនោះ​លោក​បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានលួច​បន្លំ​សន្លឹកឆ្នោត​យ៉ាងសន្ធឹកសន្ធាប់។

លោក សម រង្ស៊ី បន្តថា ពេល​នោះ លោក​បាន​ស្នើឱ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ទូទាំង​ប្រទេស ហើយ​អនុញ្ញាត​ឲ្យមាន​អ្នក​សង្កេតការណ៍​ឯករាជ្យ ជាតិ និង​អន្តរជាតិ ចូលរួម​រាប់​ទាំងអស់​គ្នា។ លោកថា៖ «លោក ហ៊ុន សែន មិនបាន​យល់​ព្រម​ធ្វើតាម​សំណើ​របស់​ខ្ញុំ​ទេ ហើយ​នៅតែ​ទទូច​ឲ្យ​ទៅ​ស្បថ​វិញ ដែលជា​វិធី​មួយ​ឃ្លាត​ឆ្ងាយពី​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជាក់ស្តែង។ ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំបាន​យល់ព្រម​ទៅស្បថ​ជាមួយ​គាត់ តែ​សូមឲ្យ​រាប់មុន ស្បថ​ក្រោយ»។

មេចលនា​សង្គ្រោះជាតិ​រូបនេះ បាន​ស្នើឱ្យ​មាន​វិទ្យាស្ថាន​ស្ទង់​មតិមួយ ដែល​មាន​លក្ខណៈអន្តរជាតិ និង​ឯករាជ្យ មកស្ទង់​មតិ​នៅ​កម្ពុជា ដើម្បី​សួរ​ប្រជាពលរដ្ឋ​ផ្ទាល់ ហើយ​វាស់វែង​អត្រា​ពិតប្រាកដ នូវ​អ្នកដែល​បាន​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃទី២៩​កក្កដា ២០១៨។

នាល្ងាច​ថ្ងៃ​ដដែល​នេះ តាម​រយៈ​កិច្ច​សម្ភាស​ជាមួយ Fresh News សម្តេច ហ៊ុន សែន បាន​ឆ្លើយតប​ថា៖ «មិនបាច់​លើក​ហេតុផល​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អ្វី​នោះទេ។ ព្រោះ​យើង​ទាំងពីរ​នាក់​ បាន​ធ្លាប់​លេង​បែប​វិទ្យាសាស្រ្ត​នេះ​ជាមួយ​គ្នា​អស់​ជាង​២០ឆ្នាំ​មកហើយ។ ឥឡូវ​យើងងាក​មកលេង​បែប​ផ្លូវ​ងងឹត​វិញម្តង។ បើទោះ​បីអ្នក​ឯង (សម រង្ស៊ី) មិន​ហ៊ាន​ស្បថ ក៏​សម្បថ​នេះ​ធ្លាក់​ទៅលើ​អ្នក​ឯងដែរ ព្រោះខ្ញុំ​បាន​ស្បថ​រួចហើយ ហើយ​សូម​វត្ថុ​ស័ក្តិសិទ្ធ​លើលោក​ជួយ​នាំនូវ​ពាក្យ​សម្បថ​របស់​ខ្ញុំ ទៅកាន់​អ្នកឯង​ផង»។

សូម​បញ្ជាក់​ថា យោងតាម​របាយការណ៍​របស់ គ.ជ.ប បាន​ឱ្យ​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ គឺ​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ជាង ៦,៩លាន​នាក់ ឬ​ស្មើនឹង ៨២,៨៩%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;