គណបក្សប្រជាជនកម្ពុជា ប្រកាសមិនបែងចែកអាសនៈឱ្យទៅគណបក្សដទៃឡើយ
- 2018-08-16 04:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សប្រជាជនកម្ពុជា ប្រកាសមិនបែងចែកអាសនៈឱ្យទៅគណបក្សដទៃឡើយ
ចន្លោះមិនឃើញ
គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួនមិនបែងចែកអាសនៈក្នុងរដ្ឋសភា ទៅឱ្យគណបក្សផ្សេងទៀត ដែលមិនទទួលបានអាសនៈនោះឡើយ។ នេះបើតាមការថ្លែងបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា មិនក្បត់ឆន្ទៈប្រជាពលរដ្ឋនោះទេ ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២៥ នៅក្នុងរដ្ឋសភា ហេតុនេះមិនអាចយកឆន្ទៈប្រជាពលរដ្ឋទៅបែងចែកឱ្យគណបក្សផ្សេងដែលមិនទទួលបានអាសនៈនោះទេ»។
ទោះជាយ៉ាងណា មន្រ្តីអ្នកនាំពាក្យរូបនេះ លើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងបន្តធ្វើការសហការជាមួយបណ្តាគណបក្សនយោបាយ សង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានដើម្បីការរីកចម្រើនជឿនលឿនក្នុងសង្គម តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ និងឈរលើស្មារតីបង្រួបបង្រួមជាតិ សំដៅពង្រឹង និងពង្រីកកម្លាំងជាតិទាំងមូល៕