LDP និង GDP បដិសេធមិន​ចូល​វេទិកា​ពិគ្រោះ​យោបល់ រវាង​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ

  • 2018-08-20 09:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ប្រកាស​បដិសេធមិន​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ ដែល​ស្នើ​ដោយ​​សម្ដេច ហ៊ុន សែន នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជានោះទេ។

លោក កូវ គា អគ្គ​លេខាធិការ​រង និង​ជា​អ្នកនាំពាក្យ LDP បាន​ប្រាប់​កាសែត​ភ្នំពេញប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី១៩ ខែសីហា​ម្សិលមិញ​នេះ​ថា៖ "យើង​សម្រេច​អត់​ចូលរួម​នៅក្នុង​វេទិកា​ពិភាក្សា​ហ្នឹង​ទេ​។ ដោយ​យើង​ឈរ​លើ​ហេតុផល​ ២ ​យ៉ាង​គឺ​ទី​មួយ ១២៥ ​កៅអី​ (​របស់​CPP) បើ​វា​ត្រឹមត្រូវ​គឺ​វា​បង្ហាញ​នូវ​ឆន្ទៈ ស្មារតី និង​គោលជំហរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពេញ​ចិត្ត​អំពី​គោលនយោបាយ​​របស់​គណបក្ស​ប្រជាជន អ៊ីចឹង​វា​គឺជា​ការគោរព​ស្មារតី​របស់​យើង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​គាត់​ស្ម័គ្រចិត្ត​បែប​នេះ​។ ​ទី​ ២ សម្ដេច​​ខ្លួនឯង​ក៏​គាត់​បាន​លើក​ដែរ​ថា រាល់​ការចូលរួម​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​គឺ​អត់​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​​​របស់​គណបក្ស​ប្រជាជន​ទេ អ៊ីចឹង​ដើម្បី​គោរព​ស្មារតី គោលជំហរ​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ផង និង​​លក្ខខណ្ឌ​ដែល​សម្ដេច​បាន​ដាក់​ផង យើង​សម្រេច​ថា​មិន​ចូលរួម​ទេ ពីព្រោះ​យោបល់​របស់​យើង​នឹង​មិន​ចេញ​ទៅ​ជា​អ្វី​ទេ​"​។

អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ពេល​កន្លងមក
ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនកាលពី​ថ្ងៃ​ទី១៩ ខែសីហា​ម្សិលមិញ​ដែរ​​ថា គណបក្ស​​​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ពិចារណា​ចូល​រួម​វេទិកា​ នៅ​ក្រោយ​ពេល​រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិទី​៦ ត្រូវ​បាន​បង្កើត​ឡើង ដែល​ជា​វេទិកា​មួយ​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ និង​ផ្ដល់​ប្រយោជន៍​ពិត​ប្រាកដ​ដល់​សង្គម​ជាតិ។ ក្នុង​សេចក្ដីថ្លែងការណ៍​ដដែលនោះ GDP បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​អំពី​គោល​បំណង​ជាក់លាក់​ យន្តការ​លម្អិត និង​ភាព​ទៀងទាត់​នៃ​វេទិកា ដើម្បី​ឲ្យ​គណបក្ស​ មាន​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​សម្រាប់​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព។
ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នាពេល​កន្លងមក

ជុំវិញ​ការ​បដិសេធ​របស់​គណបក្ស​ទាំង២ ខាងលើ លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញប៉ុស្ដិ៍​ថា៖ "​យើង​នៅតែ​មាន​សមានចិត្ត​ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ជា​បញ្ញាញាណ​ដើម្បី​យក​មក​កែច្នៃ ធ្វើ​ឲ្យ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​ កាន់តែ​មាន​លក្ខណៈ​សុក្រឹត​ថែម​ទៀត​។ ក្នុង​ករណី​ចាំបាច់​ដូច​សម្ដេច​នាយករដ្ឋមន្ត្រី​លោក​បាន​មាន​ប្រសាសន៍​ថា ចង់​ប្រមូលផ្ដុំ​នូវ​ធាតុ​ចូល ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​បញ្ញាញាណ​សរុប​ឲ្យ​ការដឹកនាំ​វា​មាន​ប្រសិទ្ធភាព​។ វា​ជា​គោលបំណង​ល្អ​របស់​យើង បើ​គាត់​ចូល យើង​ស្វាគមន៍ បើ​គាត់​មិន​ចូល​វា​ជា​សិទ្ធិ​របស់​គាត់​ទេ វា​គ្មាន​បញ្ហា​អ្វី​ទេ​"។

សូម​បញ្ជាក់ថា សម្ដេច ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​ថា នៅ​ថ្ងៃ​ទី២១ ខែ​សីហា ២០១៨ ស្អែក​នេះ សម្ដេច​នឹង​ជួប​ប្រជុំ ព្រម​ទាំង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់​ដឹកនាំ​មក​ពី​គណបក្ស​នយោបាយ​នានា នៅ​វិមាន​សន្តិភាព។ ការ​ជួបជុំ​នេះ គឺដើម្បី​ពិភាក្សា​គ្នា​ពី​ការ​បង្កើត “ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់” រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​អស់ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ នា​ពេល​កន្លង​មក៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;