រុស្ស៊ី នឹង​ដឹក​ប្រព័ន្ធ​មីស៊ីល S-400 ទៅ​តួកគី នៅ​ឆ្នាំ​២០១៩

  • 2018-08-22 07:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Rosoboronexport ក្រុមហ៊ុន​សព្វាវុធ​រដ្ឋ​របស់​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការពារ​មីស៊ីល S-400 ដែល​តួកគី​បាន​បញ្ជា​ទិញ នឹង​ត្រូវ​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ទៅ​ទីតាំង​កំណត់ នា​ខែ​កក្កដា ឆ្នាំ​២០១៩​ខាង​មុខ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ រុស្ស៊ី និង​តួកគី បាន​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​លើ​ការ​ទិញ​លក់ S-400 នៅ​ក្នុង​តម្លៃ ២,៥​ពាន់​លាន​ដុល្លារ។ ប្រព័ន្ធ​មីស៊ីល​នេះ អាច​បាញ់​នៅ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ ៤០០​គីឡូ​ម៉ែត្រ និង​កម្ពស់ ២៧​គីឡូ​ម៉ែត្រ​ពី​ផ្ទៃ​ដី។

ការ​សម្រេច​ចិត្ត​ទិញ S-400 ពី​រុស្ស៊ី បាន​បង្ក​ជា​បញ្ហា​ទំនាស់​រវាង​តួកគី និង​ប្រទេស​ជា​សមាជិក​អង្គការ NATO ជា​ពិសេស​នោះ​គឺ​សហរដ្ឋ​អាមេរិក​តែ​ម្ដង។ អ្នក​ជំនាញ​យោធា បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា S-400 នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សព្វាវុធ​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​តួកគី ដូចជា យន្តហោះ​ចម្បាំង F-35 និង​ប្រព័ន្ធ​រ៉ាដា ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។

ពាក់ព័ន្ធ​នឹង​រឿង​ដដែល​នេះ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក ដូណាល់ ត្រាំ បាន​សម្រេច​ចេញ​ច្បាប់​ថ្មី​ហាម​ឃាត់​ការ​លក់​យន្តហោះ F-35 ទៅ​ឲ្យ​តួកគី។ បន្ថែម​ពី​នេះ លោក​ប្រធានាធិបតី​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​តួកគី​មួយ​ចំនួន ព្រម​ទាំង​ដំឡើង​ពន្ធ​ទំនិញ​ប៉ុន្មាន​ប្រភេទ​របស់​តួកគី​ថែម​ទៀត​ផង។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ផ្នែក​សេដ្ឋកិច្ច​របស់​អាមេរិក តួកគី បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ដូចជា រថយន្ត ជាតិ​អាល់កុល ថ្នាំ​ជក់ ផ្លែ​ឈើ ក្រដាស ធ្យូង និង​អង្ករ ជា​ដើម៕

ប្រភព៖ Israel National News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;