តុលាការ​កោះ​ហៅ លោក សម រង្ស៊ី ជាថ្មី​ឱ្យចូល​បំភ្លឺ​រឿង "ប្រមាថ​ព្រះ​មហាក្សត្រ"

  • 2018-08-22 08:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក​ សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​ពេលនេះ កំពុង​រស់​និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស ឱ្យ​ចូល​បំភ្លឺ​ នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ខាងមុខនេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ។

ដីកា​ឱ្យ​ចូល​ខ្លួន​បំភ្លឺ ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២២ សីហា​នេះ ត្រូវ​បាន​សមត្ថកិច្ច យកទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវគេ​ស្គាល់​ថា ជា​ផ្ទះ​របស់​លោក​ សម រង្ស៊ី។

លោក សម រង្ស៊ី ថ្លែងជាសាធារណៈ ក្នុងអំឡុងពេលលោកនៅកម្ពុជា
សូម​រំលឹក​ថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ លោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ឱ្យចូល​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ​នៅថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៨​ផង​ដែរ ប៉ុន្តែ​លោកមិន​បាន​មកឆ្លើយ​បំភ្លឺ​​ឡើយ។

ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​នេះ ធ្វើឡើង បន្ទាប់ពី​លោក​សម រង្ស៊ី កាលពី​ខែមិថុនា បាន​លើកឡើងថា ព្រះរាជសារ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នា​ចុង​ខែកក្កដា​នោះ គឺជា​ព្រះរាជសារ​ក្លែងក្លាយ និង​គ្មាន​តម្លៃ។

​ការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី ធ្វើឡើង​តាមច្បាប់​ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គន្ថី​ទី​៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែងថា «ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តនា្ទទោស​ពិន័​យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ទ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»៕

អត្ថបទទាក់ទង៖ តុលាការ កោះហៅ​លោក សម រង្ស៊ី ឱ្យ​ចូល​បំភ្លឺ​រឿង "ប្រមាថ​ព្រះ​មហាក្សត្រ"

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;