អង្គការរបស់ អាគីរ៉ា ត្រូវបានបិទ ក្រោយរងការចោទថា រក្សាទុកអាវុធខុសច្បាប់
- 2018-09-02 02:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការរបស់ អាគីរ៉ា ត្រូវបានបិទ ក្រោយរងការចោទថា រក្សាទុកអាវុធខុសច្បាប់
ចន្លោះមិនឃើញ
តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបិទអង្គការមួយឈ្មោះ "សារមន្ទីរគ្រាប់មីន" ជាបណ្ដោះអាសន្ន ក្រោយពេលដែលសមត្ថកិច្ចបានឃាត់ខ្លួនថ្នាក់ដឹកនាំអង្គការនេះ ចំនួន៣រូប ក្រោមបទថា បានរក្សាទុកអាវុធខុសច្បាប់។
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១ កញ្ញា ថា ករណីសំណុំរឿងឃាត់ខ្លួនប្រធានអង្គការសារមន្ទីរគ្រាប់មីន កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ របស់សាលាដំបូងខេត្តសៀមរាប ពោលគឺផុតដែនកំណត់របស់សមត្ថកិច្ចហើយ។ លោកថា អង្គការនេះទុកអាវុធដែលសល់តាំងពីសម័យសង្គ្រាមយូរមកហើយ ដោយមិនបានប្រាប់ទៅអាជ្ញាធរកម្ចាត់មីន។
ប្រធានអង្គការសារមន្ទីរគ្រាប់មីន ដែលត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ គឺលោក អឿន យក្ស ហៅ អាគីរ៉ា ជាអ្នកជំនាញខាងដោះមីន លំដាប់ពិភពលោក និងត្រូវបានកម្មវិធីទូរទស្សន៍អន្តរជាតិមួយ គឺស៊ីអិនអិន (CNN) កាលពីឆ្នាំ២០១០ ផ្ដល់កិត្តិយសជាវីរបុរសរបស់ពិភពលោក ក្នុងសកម្មភាពដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។ លោក អាគីរ៉ា និងអនុប្រធានអង្គការ រួមទាំងនាយកប្រតិបត្តិអង្គការម្នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៨ សីហា។
របាយការណ៍បន្តថា ក្រោយពេលពន្លត់បាន កម្លាំងជំនាញ ផ្នែកគ្រប់គ្រងអាវុធជាតិផ្ទុះខេត្តសៀមរាប បានត្រួតពិនិត្យឃើញមានគ្រឿងផ្ទុះ និងមិនហ៊ានប៉ះពាល់ទេ ដោយរង់ចាំអ្នកជំនាញខាងដោះមីន មកពីមជ្ឈមណ្ឌលដោះមីន ស៊ីម៉ាក់ (CMAC) មកធ្វើការពិនិត្យបន្ថែម។ របាយការណ៍ប៉ូលិសបន្ដថា ដោយមានសភាពការណ៍មិនស្រួល មន្ត្រីស៊ីម៉ាក់ ក៏មិនហ៊ានចូលទៅដោះដែរ។
នៅព្រឹកថ្ងៃទី២៨ ខែសីហា កម្លាំងជំនាញដោះមីន ស៊ីម៉ាក់ បានចុះត្រួតពិនិត្យ នឹងប្រមូលយកគ្រឿងផ្ទុះ មានដូចជា គ្រាប់បែកដៃ ចំនួន៩ គ្រាប់ មីនប្រភេទ៧២A ចំនួន១៥គ្រាប់ គ្រាប់កាំភ្លើងខ្លីចំនួន ៣២៥គ្រាប់ ដងគ្រាប់បេចំនួន១ ម្ជុលភ្លើងមីនចំនួន៥ដើម គ្រាប់កាំភ្លើងដៃចំនួន១០គីឡូ កាំភ្លើងស្វ័យប្រវត្តិឆេះខូចចំនួន៦ដើម សំបកមីនតោនចំនួន២កេះឈើ ខ្សែឆេះផ្ទុះចំនួន១ កេះឈើដាក់គ្រាប់បែកចំនួន១ កេះដែកដាក់ខ្សែឆេះយឺតចំនួន១កេស និងអាវុធជាតិផ្ទុះជាច្រើនទៀត។
របាយការណ៍ដដែលបន្តថា ក្រោយពេលប្រមូលយកបានគ្រឿងផ្ទុះទាំងអស់នោះបានអស់ហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនបុគ្គលិកនៅកន្លែងឆេះទាំងអស់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។ បន្ទាប់មក កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានសម្រេចនាំខ្លួនថ្នាក់ដឹកនាំអង្គការចំនួន៣នាក់ គឺ លោក អាគីរ៉ា ជាប្រធានអង្គការ លោក អឿន យ៉ុន ជាអនុប្រធានអង្គការ និងលោក ហ៊ាញ សុគន្ធា ជាប្រធានប្រតិបត្តិអង្គការ ទៅសួរនាំបន្តនៅស្នងការនគរបាលខេត្តសៀមរាបទាំងយប់។
របាយការណ៍ប៉ូលិស បន្ដថា ព្រះរាជអាជ្ញាបានសម្រេចឲ្យផ្អាកបណ្ដោះអាសន្នសកម្មភាពការងារ របស់អង្គការសារមន្ទីរគ្រាប់មីន ដោយរងចាំបន្តនីតិវិធីតុលាការបន្ត។ កម្លាំងនគរបាលក៏បានរកឃើញក្មេងៗនៅក្នុងអង្គការចំនួន១៧នាក់ ស្រី៧នាក់ ហើយបានអះអាងថា មន្ទីរសង្គមកិច្ចខេត្តបានយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។
បើតាមរបាយការណ៍ប៉ូលិសដដែល លោក អាគីរ៉ា បានរៀបរាប់ថា គ្រាប់កាំភ្លើង និងគ្រាប់បែកដែលសមត្ថកិច្ចបានរកឃើញ ជារបស់របស់ឪពុកមារបស់លោក ដែលស្លាប់បាត់បង់ជីវិតទៅហើយយកមកទុកនៅក្នុងអង្គការរបស់លោក ប៉ុន្ដែ លោកមិនបានដឹងទេ ទើបតែរយៈពេលបីខែមុន ខ្លួនបានឃើញ តែមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចទេ។ នៅក្រោយការសាកសួរសមត្ថកិច្ចបានបញ្ជូនថ្នាក់ដឹកនាំអង្គការសារមន្ទីរគ្រាប់មីន៣នាក់ ទៅសាលាដំបូងខេត្ត ហើយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី៣០ ខែសីហា៕