សម្ដេច ហ៊ុន សែន ជួបជាមួយម្ចាស់​មេដាយ​មាស Asian Games នៅល្ងាច​នេះ

  • 2018-09-03 04:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​កីឡា​ការិនី ខាន់ ចេសា និង​កីឡាករ សាលី អ៊ូមើត ដែល​ទទួល​បាន​ជយលាភី​មេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ទីក្រុង​ហ្សាកាតា-ប៉ាឡាំបាំង ប្រទេស​ឥណ្ឌូណេស៊ី នា​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ នៅ​វិមានសន្តិភាព​។

សម្ដេច ហ៊ុន​ សែន ថ្លែងក្នុងពិធីជួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន ១៦ នាពេលកន្លងទៅ
កីឡា​ការិនី ខាន់ ចេសា បាន​ដណ្ដើម​មេដាយ​មាស​ទី១ សម្រាប់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games ២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ប្រភេទ​កីឡា​ជូជិតស៊ូ (Ju-Jitsu) វិញ្ញាសា​វាយ​ទោល​នារី ទម្ងន់​ក្រោម ៤៩​គីឡូក្រាម​។ ចំណែក​កីឡាករ​ សាលី អ៊ូមើត បាន​ឈ្នះ​មេដាយ​មាស ១គ្រឿង លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ ១គ្រឿង​ លើ​វិញ្ញាសា​ Runabout 1100 Stoke ប្រភេទ​កីឡា​ម៉ូតូ​ទឹក។
កីឡាការិនី ខាន់ ចេសា ក្នុងពិធីបំពាក់មេដាយ

សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ ធ្លាប់​បាន​លើកឡើង​ថា "នេះ​ជា​មោទនភាព​ថ្មី​មួយ​ទៀត សម្រាប់​ប្រទេស​កម្ពុជា ដែល​កីឡា​ការិនី ខាន់ ចេសា... ឈ្នះ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី"។

ចំណែក​ស្ថាន​ទូត​អាមេរិក តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ២០១៨​ ក៏​បាន​លើកឡើង​ថា "Jessa Khan ដែល​ជា​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ បាន​ឈ្នះ​មេដាយ​មាស​ផ្នែក​កីឡា Jiu Jitsu ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី និង​សម្រាប់​ប្រទេស​កម្ពុជា! សូម​អបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ​របស់​នាង​"​៕

កីឡាករ សារី អ៊ូមើត ក្នុងពិធីបំពាក់មេដាយ (រូបថត៖ NOCC)

អត្ថបទ៖ សោភា

អត្ថបទថ្មី
;